ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឆែកែវ
នាមសព្ទ
( យ.; បារ. ពុស-ស្ពុស Pousse Pousse ) រទេះអូស គឺរទេះស្រាលដែលលឿនទៅដោយសារកម្លាំងនៃមនុស្សម្នាក់អូសរត់
ជិះឆែកែវ, រកស៊ីអូសឆែកែវ( មានប្រើតែពីក្នុងសម័យមុន ) ។
ទិដ្ឋាការ
(ទិត-ឋាកា)
នាមសព្ទ
(បា. ទិដ្ឋ + អាការ) អាការដែលបានឃើញ, បានចួបប្រទះមកហើយ ។
សព្វថ្ងៃពាក្យនេះប្រើសំដៅយកហត្ថលេខាជាចាំបាច់ នៃអ្នករាជការមានសមត្ថកិច្ចដែលត្រូវចុះលើលិខិតផ្សេងៗ មានលិខិតឆ្លងដែននិងអាណត្តិបើកប្រាក់ជាដើម ជាការបញ្ជាក់ថាខ្លួនបានពិនិត្យឃើញត្រឹមត្រូវហើយ
លិខិតនេះ មានទិដ្ឋាការពីក្រុមសន្តិសុខជាតិហើយឬនៅ ? ; អាណត្តិបើកប្រាក់នេះក្រុមអភិបាលប្រាក់ចំណាយមិនទាន់ចុះទិដ្ឋាការនៅឡើយទេ ព្រោះមានការទាស់ខុស … (បា. Visa) ។
ទូរទស្សន៍
(ទូរៈ ទស់)
នាមសព្ទ
(បា. ទូរ “ឆ្ងាយ” + ទស្សន ” ការឃើញ ” ) ការមើលឃើញបានក្នុងទីឆ្ងាយឬពីចម្ងាយ ។
ឈ្មោះគ្រឿងប្រដាប់វិទ្យាសាស្ត្រមួយយ៉ាង សម្រាប់បញ្ចាំង បញ្ជូនរូបភាពនិងសូរសព្ទទៅក្នុងទីឆ្ងាយបាន (បារ. Télévision ) ។
ទួរណឺវិស
នាមសព្ទ
(បារ. Tournevis ) ឈ្មោះគ្រឿងប្រដាប់របស់ជាងមួយប្រភេទធ្វើដោយដែក ដែលមានគល់ស៊កទៅក្នុងដង, ចុងសំប៉ែតសម្រាប់មួលរឹតខ្ចៅផ្សេងៗ ។