​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ចិន​បាន​ចង្អុលបង្ហាញ​ថា​ខ្លួន​ចង់ឱ្យ​អូស្ត្រាលី​ធ្វើ​សកម្មភាព​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ដែល​តានតឹង​ដោយ​និយាយថា​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា​គួរ​​តែ​ដឹង​នូវ​អ្វី​ដែល​ចាំបាច់​ត្រូវធ្វើ​ដើម្បី​ឱ្យ​ចំណងទាក់ទង​មាន​ដំណើរការ​ឡើងវិញ​។​

​លោក លី ចេង​កាង ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​នៅ​ថ្ងៃ​ពុធ (១១ វិច្ឆិកា​) នៅឯ​សន្និសីទកាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា​”​ចិន​ផ្អែកលើ​ការពិត​ជាក់ស្តែង​ក្នុង​ការបង្កើន​ទំនាក់ទំនង​​អាជីវកម្ម​របស់​ខ្លួន​ជាមួយ​ដៃគូ​ទាំងអស់​។ ទំនាក់ទំនង​ដែល​មាន​សុខភាព​ល្អ​ចាំបាច់​ត្រូវការ​ការ​ចិញ្ចឹម​បីបាច់​និង​ការយកចិត្តទុកដាក់​ថែទាំ​ពី​ភាគី​ទាំងពីរ​។​អូស្ត្រាលី​គួរតែ​ដឹង​ច្បាស់​ជាង​ចិន​អំពី​អ្វី​ដែល​​ខ្លួន​ត្រូវ​ធ្វើ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​នេះ​”​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​អាក្រក់​ទៅៗ​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​អូស្ត្រាលី​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​លើ​ប្រភពដើម​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​ចិន​​និង​ចូលរួម​ក្នុង​ក្រុម​យោធា​មួយ​ដឹកនាំ​ដោយ​អាម៉េរិក​ដើម្បី​ប្រឆាំង​ចិន​។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​វាយ​ពន្ធ​លើ​ការ​នាំចូល​ស្រូវ​សាលី​របស់​អូស្ត្រាលី ហាមឃាត់​ការ​នាំចូល​មួយចំនួនទៀត និង បញ្ជា​ឱ្យ​ពាណិជ្ជករ​បញ្ឈប់​ការទិញ​ទំនិញ​យ៉ាងហោចណាស់ ៧ មុខ​រួមមាន​ទាំង​ធ្យូងថ្ម ទង់​ដែង និង ស្រា ជា​សកម្មភាព​ដែល​រដ្ឋមន្ត្រី​អូស្ត្រាលី​ចាត់ទុកថា​ជា “​ការបង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​លី​គឺ​ស្រដៀង​ទៅ​នឹង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​សប្តាហ៍​មុន​ពី​ក្រសួង​ការបរទេស​ចិន ដែល​ជំរុញ​ឱ្យ​អូស្ត្រាលី​ធ្វើ​សកម្មភាព​ជា​មុន​ផងដែរ​។​

​កាលណោះ​អ្នកនាំពាក្យ​ក្រសួង​លោក​វ៉ាង វិន​ពីង និយាយថា “​ការគោរព​គ្នា​ទៅវិញទៅមក​គឺ​ជា​មូលដ្ឋាន​គ្រឹះ​និង​ជា​បុរេ​លក្ខខណ្ឌ​សម្រាប់​កិច្ចស​ហ​ប្រតិបត្តិការរ​វាង​រដ្ឋ​និង​រដ្ឋ​”​។​

​លោក​វ៉ាង​និយាយថា “​ជាថ្មី​ម្តងទៀត​យើង​ជំរុញ​ឱ្យ​មនុស្ស​មួយចំនួន​នៅ​អូស្ត្រាលី​ឆ្លុះបញ្ចាំង​លើ​សកម្មភាព​របស់​ពួកគេ ធ្វើ​អ្វីៗ​ជាច្រើន​ទៀត​ដែល​អំណោយផល​ដល់​ការជឿ​ទុកចិត្ត​គ្នា កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​អូស្ត្រាលី និង បង្កើត​លក្ខខណ្ឌ​និង​បរិយាកាស​អំណោយផល​សម្រាប់​កិច្ច​សហប្រតិបត្តិកា​រ​ជាក់ស្តែង​ទ្វេភាគី​”​។​

​ការិយាល័យ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក សាយ​ម៉ុន បឺ​មីង​ហ៊ែ​ម មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​សំណើ​តាម​អ៊ីមែល​សម្រាប់​ការបំភ្លឺ​អំពី​ការអត្ថាធិប្បាយ​របស់​លោក​លី​នោះទេ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ជាមួយ​ទូរទស្សន៍ Sky News លោកបឺ​មីង​ហ៊ែម​និយាយថា​រដ្ឋាភិបា​ល​នៅ​មិនទាន់​អាចទាក់ទង​ជាមួយ​ចិន​នៅក្នុង​កម្រិត​រដ្ឋមន្ត្រី​បាន​នៅឡើយ​ទេ​ដែល​នេះ​ជា​​ការជាប់គាំង​កើតចេញ​ពី​គ្រា​ដែល​អូស្ត្រាលី​បាន​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​នៅ​ក្នុង​ទីក្រុង​វូ​ហាន​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ដើម​នៃ​ជំងឺ​រាតត្បាត​។​

​លោកបឺ​មីង​ហ៊ែម​បាន​ប្រាប់​ទូរទស្សន៍ Sky News ថា “​មាន​បញ្ហា​ជាច្រើន ហើយ​មាន​ទំនាស់​និង​ទិដ្ឋភាព​គួរឱ្យ​បារម្ភ​ជា​ច្រើន​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​។​ដូច្នេះ​យើង​កំពុង​បន្ត​ឃ្លាំ​​មើល​យ៉ាង​ដិត​ដល់​ហើយ​ព្យាយាម​ធ្វើ​គ្រប់​កម្រិត​ការទូត​និង​កម្រិត​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ដែល​យើង​អាច​ធានាបាន​នូវ​ការយោគយល់​គ្នា​និង​ដំណោះស្រាយ​ប្រសើរ​ជាង​មុន​ចំពោះ​កង្វល់​មួយចំនួន​”​។​

​ចំណងទាក់ទង​រវាង​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ទាំងពីរ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា​បាន​រារាំង​ក្រុមហ៊ុន Huawei Technologies ពី​ការបង្កើត​បណ្តាញ 5G របស់​ខ្លួន​និង​ចំ​ពេល​មាន​ការចោទប្រកាន់​អំពី​ការជ្រៀតជ្រែក​របស់​ចិន​នៅក្នុង​នយោបាយ​ផ្ទៃក្នុង​របស់​អូស្ត្រាលី​។​

​វិធានការ​សងសឹករ​បស់​ក្រុង​ប៉េកាំង​បាន​កើតឡើង ខណៈ​ដែល​អូស្ត្រាលី ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​ពឹងផ្អែក​ខ្លាំង​បំផុត​លើ​ប្រទេស​ចិន​កំពុង​ព្យាយាម​ដក​ខ្លួន​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​លើកដំបូង​របស់​ខ្លួន​​ក្នុង​រយៈពេល​ជិត​៣ ទសវត្សរ៍​។​

​សម្ពាធ​របស់​ចិន​បាន​កើតចេញ​ពី​ច្រក​ជាច្រើន ខណៈ​បទ​វិចារណកថា​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​កាសែត​រដ្ឋ China Daily​ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ឈ្លោះ​​ប្រកែក​គ្នា​ផងដែរ​។​

​កាសែត China Daily​បាន​និយាយថា​”​អូស្ត្រាលី​គួរតែ​មើលឃើញ​យ៉ាង​ច្បាស់​នូវ​ទស្សនវិស័យ​ដ៏​ភ្លឺស្វាង​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​និង​សម្របសម្រួល​ជាមួយ​ចិន​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​វិញ​ឱ្យបាន​ឆាប់​”​។​

​កាលពីដើម​សប្តាហ៍​នេះ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អូស្ត្រាលី អ្នកស្រាវជ្រាវ​ម្នាក់​នៅ​ក្រុមប្រឹក្សា​ផ្តល់​យោបល់​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន បាន​និយាយថា​រដ្ឋាភិបាល​របស់​លោក​​នាយករដ្ឋមន្ត្រី​ស្កត់ ម៉ូ​រី​សុន​ត្រូវ​ធ្វើ​សកម្មភាព​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​វិញ​។​

​អ្នកស្រាវជ្រាវ​ឈ្មោះ ម៉ី ស៊ីន​យូ ដែល​ធ្វើការ​នៅ​ក្រុម​អ្នកជំនាញ​មួយ​នៅ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​លើកឡើង​ថា​អូស្ត្រាលី​គួរតែ​សុំ​បញ្ជូន​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ទៅកាន់​ប្រទេស​ចិន​ហើយ​គួរតែ​បង្ហាញ​​ចំណាប់​អារម្មណ៍​ចំពោះ​ផែនការ​សេដ្ឋកិច្ច ៥ ឆ្នាំ​ថ្មី​របស់​ទីក្រុង​ប៉េកាំង​”៕