ដោយៈ បូកគោ / កំពតៈ ប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានដាស់តឿនក្រើនរំលឹក ដល់អ្នកពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ អំពីភាពចាំបាច់ នៃការត្រៀមនូវ គ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះធម្មជាតិ ឬហេតុការណ៍អាក្រក់ ណាមួយ កើតឡើង នៅពេលគណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសេចក្ដីព្រាង ខ្លឹមសារនៃសេចក្ដីសម្រេច របស់ខ្លួន។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត បានមានប្រសាសន៍ថាៈ ក្រោយទទួលបាននូវយន្តការ នៃសេចក្ដីសម្រេចថ្មី ពីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ គ្រប់សមាសភាព ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតី និងមានឆន្ទៈ ក្នុងកិច្ចអនុវត្តការងារ តាមតួនាទី ភារកិច្ចរបស់ខ្លួន។ លើសពីនោះ ត្រូវត្រៀមលក្ខណៈជាស្រេច ទាំងយន្តការ ក៏ដូចជា សម្ភារនានា សម្រាប់បេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្តរាយផ្សេងៗ ដោយប្រើប្រាស់វិធានការ មធ្យោបាយ និងកម្លាំងសរុបឱ្យបាន ផុលផុសជាងមុន។
លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ គ្រប់គ្នាពិតជាមិនអាចមើលឃើញ ឬកំណត់បាននូវ ពេលវេលា នៃគ្រោះមហន្តរាយ ដោយធម្មជាតិឡើយ។ ដូច្នេះការត្រៀមនូវ គ្រប់មធ្យោបាយ តាមដែលអាចធ្វើបាន នៅបណ្តាក្រុង ស្រុកនីមួយៗ ដើម្បីបញ្ចៀស ឬកាត់បន្ថយហានិភ័យ ជាកត្តាចាំបាច់បំផុត។
លោក ជាវ តាយ បានមានប្រសាសន៍បន្តថាៈ សម្រាប់ខេត្តកំពត បញ្ហាដែលប្រឈមរៀងរាល់ឆ្នាំ គឺជំនន់ទឹកភ្លៀង បង្កឱ្យលិចលង់ក្រុង និងស្រុកមួយចំនួន។ ប៉ុន្តែឆ្នាំនេះ ជាភ័ព្ធសំណាងល្អ ព្រោះមិនបានរងគ្រោះ ដោយជំនន់ ដូចសព្វដងទេ។ តទៅ រដ្ឋបាលខេត្ត នឹងរៀបចំក្រុង ឱ្យកាន់តែប្រសើរ តាមរយៈការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញលូបង្ហូរទឹក ការស្តារព្រែកកំពង់បាយ និងការរៀបចំអាងចម្រោះទឹកកខ្វក់ជាដើម។ ធ្វើបែបនេះ ទើបបញ្ចៀសបាន ពីការជន់លិច ពេលភ្លៀងធ្លាក់ខ្លាំង ឬពេលបើកទ្វារទឹក ទំនប់វារីអគ្គីសនីកំចាយ និងដើម្បីបង្កើនសោភ័ណភាព ក្រុងផងដែរ៕