ដោយៈ អង្គរតូច / សៀមរាបៈ បុរសបរទេសម្នាក់ បានដេកស្លាប់ ក្នុងផ្ទះសំណាក់យីហោ ” ណាហ្កា ” អស់រយៈពេល ពីរថ្ងៃហើយ ទើបប្រទះឃើញ កាលពីយប់ ថ្ងៃទី១០ ខែវិច្ឆិកា នេះ ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មាន ពីបុគ្គលិកផ្ទះសំណាក់ ណាហ្គា ថាមានជនបរទេស ស្លាប់ ភ្លាមនោះ សមត្ថកិច្ចយើង បានចុះដល់កន្លែងកើតហេតុ និងពិនិត្យឃើញថា បុរសបរទេសរងគ្រោះ ឈ្មោះ NEWTON IAN JAME កើតថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣ ជាជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៤៩៩២៦២៨៣ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះសំណាក់ ណាហ្គា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពដដែល បានបន្តថាៈ តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងកោសល្យវិច័យ របស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសនិដ្ឋានថា ជនរងគ្រោះ បានស្លាប់ រយៈពេល ពីរថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង ។ សាកសព បានរៀបចំបញ្ជូន ទៅតម្កល់ ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ វិច្ឆិកា នេះ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕