ដោយៈ មេសា/ភ្នំពេញ: សង្គ្រាមលោកលើកទី១ បានផ្ទុះឡើងនៅឆ្នាំ១៩១៤ ។ ទោះជាគេសុទ្ធតែបានដឹងថា សង្គ្រាមតែងតែនាំមកនូវមហាវិនាស និង មហាប្រល័យ ក៏ភាគីដែលចូលខ្លួនទៅក្នុងសង្គ្រាម សុទ្ធតែ ដើម្បី ឧត្តមភាព និង កិត្តិយសជាតិរបស់គេ ឬ ដោយសារតែហេតុផលដ៏ចាំបាច់រៀងៗខ្លួន ។ អ្នកពាក់ព័ន្ធក្នុងសង្គ្រាមដោយផ្ទាល់គឺក្រុមយុទ្ធជន និងយុទ្ធនារី មានជីវិតចាកចេញពីសមរភូមិមកជួបជុំគ្រួសារវិញដោយកម្រណាស់ ។
ពិធីស្មឹងស្មាធិ៍នាថ្ងៃបុណ្យចងចាំ នៅអង់គ្លេសរំឭកដល់វិញ្ញណ ក្ខន្ធយុទ្ធជនយុទ្ធនារីនៅក្នុងសង្គ្រាមលោកលើកទី ១ (Remembrance 1, Remembrance 2) រូបៈ Internet
បន្ទាប់ពីបានផ្តាច់ផ្តិលអាយុជីវិត និង ទ្រព្យសម្បត្តិមនុស្សជាតិ យ៉ាងច្រើនឥតគណនាមកក្រុមមេដឹកនាំពិភពលោក បានភ្ញាក់រឭកកើតក្តីសង្វេគ នាំគ្នាបង្កើតយុទ្ធនាការបញ្ចប់សង្គ្រាមនោះទៅវិញ ។
ទីបំផុត វេលាម៉ោង១១ ថ្ងៃទី ១១ ខែ ១១ ឆ្នាំ ១៩១៨ បានចូលមកដល់ ។ ពួកអមិត្តនឹងគ្នាទាំងឡាយបានព្រមព្រៀងគ្នាជាផ្លូវការបញ្ចប់សង្គ្រាមលោកលើកទី១ ដោយអាល្លឺម៉ង់ បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយដែលគេស្គាល់ថា យុទ្ធសន្តិភាព នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែ ១១ (វិច្ឆិកា) ឆ្នាំ ១៩១៨ នៅ ចក្រភពអង់គ្លេស ។
មួយឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ១៩១៩ មហាក្សត្រ ចច ទី៥ នៃ ចក្រភពអង់គ្លេស បានឧទ្ទិសវេលាម៉ោង១១:០០ ថ្ងៃទី ១១ ខែ ១១ ថាជា “ ថ្ងៃរំឭកដល់វិញ្ញាណក្ខន្ធនៃកងទ័ពដែលបានពលីជីវិតនៅក្នុង សង្គ្រាមលោកលើកទី១ ” ។
ចាប់ពីពេលនោះមក ពិធីបុណ្យមួយឈ្មោះថា Remembrance Day (ទិវាចងចាំ) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ខែ ១១ រៀងរាល់ឆ្នាំ ដើម្បី រំឭកដល់ថ្ងៃដែលពួកបច្ចាមិត្តទាំងឡាយបានព្រមព្រៀងគ្នា បញ្ចប់សង្គ្រាមលោកលើកទី១ ផង និងដើម្បីរំឭកដល់វិញ្ញាណក្ខន្ធកងទ័ពដែលបានពលីជីវិតនៅក្នុង សង្គ្រាមលោកលើកទី១ ផង ។ ពិធីនេះត្រូវបានប្រារព្ធដោយក្បួនដង្ហែ ការស្មឹងស្មាធិ៍ និង សូត្រកំណាព្យរំឭកវិញ្ញាណក្ខន្ធពួកយុទ្ធជននៅវេលាម៉ោង ១១ ថ្ងៃទី ១១ ខែ ១១ ។
ដើមឡើយ បុណ្យ Remembrance Day ឬ បុណ្យទិវាចងចាំ នេះ ត្រូវបានប្រតិបត្តិនៅក្នុងបណ្តាប្រទេសដែលជាក្រុមរដ្ឋសហធន ប៉ុណ្ណោះ ។ ប៉ុន្តែសព្វថ្ងៃ បុណ្យនេះ ក៏ត្រូវបានប្រារព្ធធ្វើផងដែរនៅក្នុងបណ្តាប្រទេសដែលមិនមែនជាក្រុមរដ្ឋសហធន ដោយមានភាពខុសគ្នាបន្តិចបន្តួច។
ពិធីបុណ្យមួយដែលមានអត្ថន័យប្រហាក់ប្រហែលនឹង Remembrance Day គឺបុណ្យ Remembrance poppy ដោយសារដើម poppy នេះបានរីក ផ្កាក្រហមច្រាលឆ្អៅពាសពេញវាល ដូចជាឈាម នៃ ពួកយុទ្ធជនដែលហូរខ្ចាយនៅក្នុងសមរភូមិប្រយុទ្ធនៃសង្គ្រាម លោកលើកទី ១ ។
ពិធីស្មឹងស្មាធិ៍នាថ្ងៃបុណ្យចងចាំ នៅអង់គ្លេសរំឭកដល់វិញ្ញណ ក្ខន្ធយុទ្ធជនយុទ្ធនារីនៅក្នុងសង្គ្រាមលោកលើកទី ១ (Remembrance 1, Remembrance 2) រូបៈ Internet
ចំណែកនៅកាណាដា បុណ្យ Remembrance Day គឺជាថ្ងៃសម្រាកសាធារណៈ ហើយរំឭកនិង ផ្តល់ជាកិត្តិយសដល់ទាំងយុទ្ធជន យុទ្ធនារីរបស់ពួកគេដែលបម្រើនៅក្នុងសង្គ្រាមលោកលើកទី១ , សង្គ្រាមលោកលើកទី២ និង សង្គ្រាមនៅ កូរ៉េ ផង ។ ពិធីនេះប្រាព្ធនៅទីលានជាតិរំឭកសង្គ្រាម នៅទីក្រុង អូតាវ៉ា ហើយក៏មានប្រារព្ធនៅតាមទីក្រុង និង ខេត្តនានាទូទាំងប្រទេសផងដែរ ។ នៅឥណ្ឌា ពិធីនេះគ្រាន់តែត្រូវបានប្រារព្ធនៅតាមវិហារកាតូលិកខ្លះៗប៉ុណ្ណោះ ។
នៅញូហ្សេឡែននិងអូស្ដ្រាលី ថ្ងៃបុណ្យចងចាំជាតិគឺបុណ្យ Anzac Day ដែលប្រាព្ធឡើងនៅថ្ងៃទី២៥ ខែមេសាទៅវិញ ។ ចំណែកថ្ងៃបុណ្យ យុទ្ធសន្តិភាព ឬ Armistice Day ត្រូវបានប្តូរឱ្យទៅជាបុណ្យ Remembrance Day វិញ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ។
នៅអាហ្វ្រិកខាងត្បូង ក៏មានប្រារព្ធពិធីបុណ្យ Remembrance Day នេះដែរ ។នៅប្រទេសបារាំងនិងបែលហ្សិក ពិធីបុណ្យ Remembrance Day ពេលខ្លះគេហៅថា Armistice Day ឬ ថ្ងៃរំឭកដល់ទិវាចុះហត្ថលេខាដើម្បីបញ្ចប់សង្គ្រាមលោកលើកទី១ ។
ទឹកដីហុងកុង បានវិលត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់ចិនវិញនៅឆ្នាំ១៩៩៧ ពោលគឺលែងនៅជាជាតិនៃក្រុមសហធនទៀតហើយ ។ ចាប់ពីពេលនោះមក ពិធីបុណ្យ Remembrance Day លែងជាថ្ងៃសម្រាកសាធារណៈទៀតដែរ ប៉ុន្តែពិធីនេះនៅតែត្រូវបានប្រារព្ធធ្វើដែរនៅចំកណ្តាលទីក្រុង។
នៅអ៊ីតាលី អ៊ីស្រាអែល អៀរឡង់ ហុល្លង់ ប៉ូឡូញ និងសហរដ្ឋអាមេរិក ជាដើម ក៏សុទ្ធតែបានប្រារព្ធពិធីបុណ្យនេះដែរ ដោយគ្រាន់តែមានបង្កប់ទៅដោយបុណ្យជាតិរបស់គេរៀងៗខ្លួន ៕srn