ដោយ: មុនីរ័ត្ន / ភ្នំពេញ: ស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក បានច្រានចោលចំពោះការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបានចោទថា ស្ថានទូតមិនអើពើចំពោះវត្តមានរបស់ពួកគេ ដែលបានដាក់លិខិតស្នើសុំក្រសួងមហាផ្ទៃ ផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញ។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្តល់សុពលភាពលិខិតឆ្លងដែនឡើងវិញដល់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១រូប នៅស្ថានឯកអគ្គរាជទូតកម្ពុជានៅរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
អ្នកនាំពាក្យបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើងនៅមុខស្ថានទូតកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះ ស្ថានទូតមិនរវីរវល់អើពើចំពោះវត្តមានរបស់បុគ្គលមួយក្តាប់តូច ក្រោមផ្លាករបស់អង្គការចាត់តាំងនយោបាយក្រៅច្បាប់មួយ ក្រោយពីត្រូវបានតុលាការកំពូលរបស់ព្រះរាជាណាចក្រកម្ពុជាសំរេចរំលាយចោល តាមសាលដីកាលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយបន្ទាប់មកត្រូវបានក្រសួងមហាផ្ទៃសំរេចលុបឈ្មោះចេញពីបញ្ជីគណបក្ស នយោបាយនៅកម្ពុជា តាមប្រកាសលេខ៥៤០៥ប្រក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពុំអាចត្រូវបានប្រើប្រាស់សំរាប់ការចោទប្រកាន់ថា “ស្ថានទូតមិនទទួលជួបពលរដ្ឋខ្មែរ” នោះបានឡើយ។
អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានអំពីការចោទប្រកាន់គ្មានមូលដ្ឋានខាងលើនេះ ស្របពេលជាមួយនេះ សូមអះអាងពីមោទនភាពរបស់ស្ថានទូតក្នុងការ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយពលរដ្ឋខ្មែរទូទៅ តែមិនមែនជាមួយបុគ្គលក្រៅច្បាប់ឡើយ។
សូមជម្រាបថា តាមរយៈលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសបញ្ចប់សុពលភាពលិខិតឆ្លងឌែនរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១រូប។ ហើយបានផ្ញើជូនអង្គទូត នៃបណ្តាប្រទេសនានាប្រចាំកម្ពុជា។
អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១រូប រួមមាន៖
១. អ្នកស្រី មូរ សុខហួរ
២. លោក អេង ឆៃអ៊ាង
៣. លោក ហូរ វ៉ាន់
៤. លោក ឡុង រី
៥. លោក សោ ចាន់ដេត
៦. លោក គង់ សភា
៧. លោក វ៉ាន់ ណារិទ្ធ
៨. លោក ដាង ចំរើន
៩. លោក ញឹម គិមញុល
១០. លោក ហេង ដាណារ៉ូ
១១. លោក ម៉ន ផល្លា៕ ល