ដោយ: ម៉េងឆៃ
កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកាលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិត ប្រកាសបញ្ចេញម៉ាស់ ចំនួនពីរលានសម្រាប់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ក្នុងសហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ។
ក្នុងលិខិតជម្រាបជូនអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិការដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្រសួងសុខាភិបាល នឹងបញ្ចេញម៉ាស់ចំនួន ២ ០០០ ០០០ ( ពីរលាន ) ម៉ាស់ក្រណាត់ ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានបញ្ចេញម៉ាស់នេះសម្រាប់ចែក ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ដែលខ្វះខាត ក្នុងសហគមន៍ក្រីក្រ ក្នុងរាជធានីភ្នំពេញនៅពេលនេះបានធ្វើឡើងខណៈដែលម៉ាស់បានឡើងថ្លៃជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ។
កាលពីថ្ងៃទី៩វិច្ឆិកា នៅភ្នំពេញ ម៉ាស់មួយប្រអប់ ចំនួន ៥០ ម៉ាស ថ្លៃ ៨.០០០ រៀល ទៅ ១០.០០០ រៀល។ ប៉ុន្តែមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ម៉ាស មួយប្រអប់ ចំនួន ៥០ម៉ាស បានឡើងថ្លៃដល់ ១២.០០០ ទៅ ១៥.០០០ រៀល ខណៈដែលនៅថ្ងៃទី១១ ខែវិច្ឆិកាននេះ ម៉ាសមួយប្រអប់ មានចំនួន ៥០ម៉ាស ឡើងថ្លៃដល់ ៤ដុល្លារ ទៅ ៥ដុល្លារ។
រីឯតម្លៃម៉ាស់លក់រាយ តាមផ្លូវ គឺកាលពីថ្ងៃទី៩វិច្ឆិកា ម៉ាស់មួយដុំ ចំនួន ១០ម៉ាស ថ្លៃ ២.០០០ រៀល។ មកដល់ថ្ងៃទី១០ និងថ្ងៃទី១១វិច្ឆិកា ម៉ាស់ មួយដុំ មាន ១០ម៉ាស ឡើងថ្លៃដល់ ៣០០០ រៀល។
ទឹកអាល់កុល សម្រាប់លាងដៃ ក៏ឡើងថ្លៃ។ មុនថ្ងៃទី៣វិច្ឆិកា អាល់កុល ក្នុងដបទឹកសុទ្ធកន្លះលីត្រ នៅតាមកន្លែងលក់ថ្នាំពេទ្យ លក់ ៤០០០ រៀល ក្នុងមួយដប។ តែមកដល់ថ្ងៃទី១១វិច្ឆិកានេះ អាល់កុល មួយដប ចំណុះកន្លះលីត្រ ថ្លៃ ៥.០០០ រៀល ហើយកន្លែងខ្លះ រកអាល់កុល លក់មិនបានទៀត។
ក្នុងសង្គមយើងទម្លាប់ឡើងថ្លៃនៅពេលមានតម្រូវការច្រើនបានកើតឡើងយូរណាស់មកហើយហើយកើតឡើងលើគ្រប់មុខទំនិញ។ នេះជាការទម្លាប់ ដែលគួរតែអ្នកលក់ទាំងឡាយ គិតគូរឡើងវិញ ពិសេសក្នុងអំឡុងពេលប្រទេសយើង ជួបប្រឈមនឹងបញ្ហាកូវីដ១៩ បែរជានាំគ្នាឡើងថ្លៃលើមុខទំនិញ ពិសេសម៉ាស និងអាល់កុល ទៅវិញ។
គេនៅចាំបានថា អំឡុងពេលកូវីដ ចូលរាតត្បាតដំបូង នៅកម្ពុជាយើង កាលពីចុងខែមករា ឆ្នាំ២០២០ គឺម៉ាស់ និងអាល់កុល បានឡើងថ្លៃខ្ពស់ហួសហេតុ ហើយរកតែម៉ាស និងអាល់កុល ទិញមិនបានថែមទៀត។ កាលណោះមានអន្តរាគមន៍ពី សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចុះបិទទីតាំងណា ដែលលក់ម៉ាស់ និងអាល់កុល ឡើងថ្លៃ ខណៈដែលរាជរដ្ឋាភិបាល ក៏បានបញ្ជាទិញម៉ាស និងអាល់កុល ពីរោងចក្រក្នុងស្រុកជាច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋ និងស្តុកទុកផងដែរ។
នៅពេលនេះ ទាន់ជំងឺឡើងថ្លៃកម្រើកឡើងវិញ ក៏គួរតែរាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល អន្តរាគមន៍ម្តងទៀត បន្ថែមលើការបញ្ចេញម៉ាស ២លាននេះ ដោយអនុវត្តវិធានការដូចមុន តាមរយៈការបិទកន្លែងកន្លែងទំនិញឡើងថ្លៃ កន្លែងលក់ម៉ាស និងអាល់កុលឡើងថ្លៃទាំងនោះ ព្រមទាំងចាប់បញ្ជូនម្ចាស់ហាង ដែលឆ្លៀតឱកាសឡើងថ្លៃហួសហេតុនេះ ទៅកាត់ទោសនៅតុលាការថែមទៀត។
ប្រជាជាតិកំពុងមានទុក្ខ គួរតែបើមិនបានចែកដោយមិនគិតថ្លៃទេ ក៏គួរណាស់តែលក់ក្នុងតម្លៃសមរម្យ នៅតម្លៃដដែលទៅ។ ការមិនដំឡើងថ្លៃលើមុខទំនិញគ្រប់ប្រភេទ រាប់ទាំងម៉ាស និងអាល់កុល ក៏រាប់ទុកថា បងប្អូនអ្នកលក់ បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិ ពិសេសគឺការរួមសុខរួមទុក្ខជាមួយជនរួមជាតិយើង ក្នុងគ្រាដ៏លំបាកនេះ។ ចង់មាន ចង់បាន លើគំនរទុក្ខអ្នកដទៃ មិនមែនជាឱកាសនៃការរកស៊ីទេ តែជាការកេងប្រវ័ញ្ច ដែលអ្នកលក់ចិត្តមិនល្អនោះ ច្បាស់ជាត្រូវបណ្តាសាររបស់ប្រជាជន ដែលកំពុងរងទុក្ខ ជាក់ជាមិនខាន៕
រូបៈសកម្មភាពចែកម៉ាសនាពេលកន្លងទៅនេះ(រូបឯកសារ)