ឆ្នាំជូត
រាសីស្រុតចុះ។នៅពេលនេះបើមានកិច្ចការងារសំខាន់គប្បីពន្យាពេលក៏កាន់តែប្រសើរដែរ ពីព្រោះថាផលអាក្រក់នោះឃើញថាកើតចំពោះមុខច្រើន។ការប្រកបការងារហាក់មានអ្វីបាំងភ្នែកធ្វើឱ្យរអាក់រអួលច្រើនជាងសព្វមួយដង។ចំពោះអ្នកបំពេញការងាររាជការឬក្រុមហ៊ុនឯកជនក្តីលោកអ្នកត្រូវប្រឹងប្រែងបំពេញការងារឱ្យពេញទីនោះផ្លែផ្កានឹងហុចមកវិញគួរជាទីពេញចិត្តផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការដាច់មួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងក្រុមមនុស្សតាមបង្ករឿងដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែម្នាក់ៗសូវទុកចិត្តគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅក្នុងអំឡុងពេលនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយនិងប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់សម្រាប់បំពេញបំពង់ហើយបើចង់បណ្តាក់ទុនធ្វើអ្វីក៏តែងលូតលាស់គួរសមផង។ការធ្វើដំណើរជិតឆ្ងាយគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កជម្លោះចំពោះគ្នាច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅក្នុងអំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពចម្រើនលូតលាស់និងប្រកបកិច្ចការអ្វីមានភាពសុខដុមគាប់ប្រសើរបន្តិចវិញ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុងហើយស្រួល មិនស្រួលកើតមានជម្លោះវិវាទបែបស៊ីសាច់ហុតឈាមគ្នាទៀត។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើទោះបីលោកអ្នកធ្វើដំណើរទៅណាមកណាគឺមានតែសញ្ញាភ្លើងខៀវហើយបើប្រកបកិច្ចការអ្វីក៏មានលក្ខណៈពេញដៃពេញជើងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែង សមដូចប្រកបជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាប្រុសស្រីមិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកដូច្នេះដែរ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរហើយបើទោះ បីធ្វើអ្វី ក៏មានតែការចម្រើនលូតលាស់សន្សឹមៗទៅមុខ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរ ក្នុងពេលនេះមានការចំណាយច្រើនអនេកធ្វើឱ្យទទួលអម្រែកយ៉ាងធ្ងន់ជាងមុន។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសបន្តិចដូចនេះគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយចោទឡើង។ចំពោះការប្រកបការងារសព្វបែបយ៉ាងលោកអ្នកមិនត្រូវមានចិត្តប្រកែប្រកាន់ច្រើនឡើយព្រោះនាំតែកើតជម្លោះវិវាទប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីដោយតក់ក្រហល់ចង់បានភ្លាមៗទេពិសេសការបណ្តាក់ទុនរកស៊ីប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។ការធ្វើដំណើរឆ្ងាយជិតការជួយយកអាសាអ្នកដទៃពុំសូវល្អទេប្រយ័ត្នយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរទៅមុខហើយក៏មានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬដាក់ពាក្យធ្វើការងារអ្វីមួយ។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវដោយពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រាក់កាសដែលធ្លាប់ តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិស្រស់ស្រាយគួរជាទីកក់ក្តៅ ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារជាមួយមនុស្សចាស់ពីព្រោះថាតែងផ្តល់ផលលឿនគ្រាន់ជាទីកក់ក្តៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬរើទីកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធនិងគូស្នេហាកំលោះក្រមុំមានការស្រស់ស្រាយហើយបើលោកអ្នកមាន ទំនាស់ទាស់ទែងគ្នាជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះសម្រេចចិត្តធ្វើអ្វីមួយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះសត្រូវទីជិតឆ្ងាយចាំតែមើលកំហុសដើម្បីធ្វើការវាយប្រហារទេ។ក្រៅពីនេះលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកដែរបើពុំនោះនឹងត្រូវចាញ់បោកគេក្នុងប្រការណាមួយជាក់ជាពុំខាន។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ម្ល៉ោះហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួល ខ្លួនទៅរួច ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះលុបបំបាត់ភាពប្រចែប្រច័ណ្ឌដែលមិនសមហេតុផលខ្លះទើបប្រសើរ៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការប្រកប ការងារធំដុំឬសំខាន់ពេកឡើយពីព្រោះថាផលអាក្រក់ក៏មានចំពោះមុខច្រើន។ការរស់នៅថ្ងៃនេះវិញជួបបញ្ហាមិនល្អប្រសើរទេ ដូចនេះបើចង់ធ្វើអ្វីក៏ដោយតោងតែមានការប្រឹងប្រែងទើបផលល្អ ហុចមកវិញទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកតែងជួបនូវស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូល ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខ ស្រួលខ្លួនប៉ុន្មានឡើយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយនិងជម្លោះវិវាទច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចមានរឿងឱ្យសប្បាយចិត្តនិងបញ្ហាតូចធំដែលបម្រុងរត់ចូលអាចរត់ចេញថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះដែរបើចង់ធ្វើជំនួញទីជិតឆ្ងាយមិនថ្វីទេពីព្រោះថាផលល្អៗនោះតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ចរចាបញ្ហាស្នេហាថ្មីថ្មោងតែងទទួលផ្លែផ្កានិងផ្តល់ផលល្អៗមកវិញជានិច្ច៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទាំងស្ត្រីបុរសលោកអ្នកតែងកើតអារម្មណ៍តានតឹងព្រោះតែបញ្ហាយាយីច្រើនពិសេសការប្រកបការងារក៏តែងមិនសូវឆ្លើយតបដូចការរំពឹងទុកនោះដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញកុំសំលឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះ។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងរឿងរាវយាយីច្រើនបន្តិច។
រីឯសេចក្តីស្នេហាប្រុសស្រីជួបភាពរកាំរកូសនិងពាក់មុខយក្សដាក់គ្នាឥតសូវត្រូវគ្នា ប៉ុន្មាននោះឡើយ៕