ប្រែសម្រួល : កញ្ញាដាលីស/រុស្ស៊ី ៖ រុស្ស៊ីបានអះអាងកាលពីថ្ងៃពុធទី១១វិច្ឆិកាថា វ៉ាក់សាំងកូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាព៩២ ភាគរយ ប្រសើរជាងវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុន Pfizerរបស់សហរដ្ឋអាម៉េរិក។
ដោយប្រកាសលទ្ធផលដំបូងត្រឹមពីរថ្ងៃបន្ទាប់ពីក្រុមហ៊ុនឱសថអាម៉េរិកប្រកាសប្រសិទ្ធភាពវ៉ាក់សាំងខ្លួន៩០ភាគរយ រុស្ស៊ីនិយាយថា មកទល់ពេលនេះក្នុងចំណោម ២០ ករណីឆ្លង ដែលត្រូវបានកត់ត្រា គឺមានតែ ២ ករណីប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង Sputnik V ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់រុស្ស៊ីលោក មីខាអ៊ីល មូរ៉ាស្កូ ចាត់ទុកលទ្ធផលនេះជាការបង្ហាញឱ្យឃើញ វ៉ាក់សាំង Sputnik V គឺជា”ដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា”។
ប៉ុន្តែអ្នកវិទ្យាសាស្ត្រមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានចោទជាមន្ទិលអំពីលទ្ធផលនេះ ដោយព្រមានថាមាន “ភាពមិនប្រាកដប្រជាច្រើនណាស់”ដោយសារតែចំនួនករណីឆ្លងតិចតួចនៅក្នុងការសាកល្បងព្យាបាលនេះ។
ពួកគេក៏បានរិះគន់ក្រុមមន្ត្រីរុស្ស៊ីផងដែរ ដែលមកប្រៀបធៀបជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ហើយអ្នកវិទ្យាសាស្ត្រម្នាក់ថែមទាំងនិយាយទៀតថា ដោយផ្អែកលើចំនួនវ៉ាក់សាំងកូវីដ១៩ដំបូងៗ វាប្រហែលជាមានប្រសិទ្ធភាពតែ ៦០ ភាគរយប៉ុណ្ណោះ។
ក្រុមហ៊ុន Pfizer បានបង្ហើបឱ្យដឹងកាលពីថ្ងៃចន្ទថា វ៉ាក់សាំងពិសោធន៍របស់ខ្លួនមានប្រសិទ្ធភាព៩០ ភាគរយ ដោយព័ត៌មាននេះបានផ្តល់ក្តីសង្ឃឹមថាជំងឺរាតត្បាតនឹងឈានដល់ទីបញ្ចប់។ប្រទេសអង់គ្លេសបានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថយក្សនេះចំនួន ៤០ លានដូសរួចហើយ៕
រុស្ស៊ីអះអាងថាវ៉ាក់សាំង Sputnik V មានប្រសិទ្ធភាព ៩២ ភាគរយ