អំពាវនាវ​ជាថ្មី ឱ្យ​អាជ្ញាធរ ប្រុងប្រយ័ត្ន​ខ្ពស់ បញ្ចៀស​រលក​ទី​២ នៃ​កូ​វីដ​.១៩ ចូលក្នុង​សហគមន៍

ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ជាថ្មី ដល់​អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​បន្ត​ផ្សព្វផ្សាយ​ណែនាំ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ប្រតិបត្តិ តាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល គឺ​ការពារ កុំឱ្យ​កើតមាន នូវ​រលក​ទី​២ នៃ​ការរីក​រាលដាល ជំងឺឆ្លង​កូ​វីដ​.១៩ ដល់​ក្នុង​សហគមន៍​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ មនុស្សធម៌​ដល់ គ្រួសារ​ក្រីក្រ គ្រួសារ​អតីតយុទ្ធជន ចាស់ជរា និង​ស្ត្រី​មេម៉ាយ ចំនួន ៣០០ គ្រួសារ ដែលមាន​ការចូលរួម ពី​លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម ប្រឹក្សា​ស្តារ និង​អភិ​អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ និង​លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា ខេត្ត​នេះ នៅផ្ទះ​ក្រញូង​នគរ​បា​ជ័យ ក្រុង​កំពង់ចាម នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ បើទោះជា បច្ចុប្បន្ន ខេត្តកំពង់ចាម មិនមាន​អ្នក វិជ្ជមាន ជំងឺ​កូ​វីដ​.១៩ ឆ្លង​ថ្មី​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ចាំបាច់​បន្ត​ផ្សព្វផ្សាយ ណែនាំ​ដល់​ប្រជាជន គ្រប់​បណ្តា​មូលដ្ឋាន បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ គឺ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ការពារ​កុំឱ្យ​កើតមាន នូវ​ការឆ្លង​រលក​ទី​២ នៃ​ជំងឺ​ដ៏​អាច​សាហាវ មួយ​នេះ​ចូលដល់​ក្នុង​សហគមន៍​។​

​លោក​បាន​បន្តថាៈ ក្នុងនោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បន្ត​អប់រំ​ដល់ សមាជិកគ្រួសារ អំពី​វិធានការ​អនាម័យ និង​វិធានការ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​.១៩ គឺ​ដើម្បីឱ្យ​គ្រួសារ និង​សង្គមជាតិ​យើង បាន​ជៀសផុត ពី​ជំងឺ​មួយ​នេះ​។​

​សូមបញ្ជាក់ថា ក្នុងដំណាក់កាល ជំងឺឆ្លង​កូ​វីដ​.១៩ ខេត្តកំពង់ចាម បានធ្វើឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ ចំនួន ៤៥.១២១ គ្រួសារ ធ្លាក់ខ្លួន​ជា​ប្រជាជន ក្រ​១ និង ក្រ​២ ដែល​មក​ផ្ទៀងផ្ទាត់ និង​បើកប្រាក់​។ ក្នុងនោះ​ចំនួន ៣៩.៨០០ គ្រួសារ បានទទួល​សាច់ប្រាក់ ឧបត្ថម្ភ​សរុប​ចំនួន ៣៣.៧០០.៤០០.០០០ រៀល ក្នុង​ជុំ​ទី​៣ លើក​ទី​១ ខែតុលា ឆ្នាំ​២០២០៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular