ប្រែសម្រួល : កញ្ញាដាលីស/ប៊ុយណូស៊ែ, អាហ្សង់ទីន ៖ លោក ឌីហ្គោ ម៉ារ៉ាដូណា បានចាកចេញពីមន្ទីរពេទ្យក្រុងប៊ុយណូស៊ែកាលពីថ្ងៃពុធទី១១វិច្ឆិកាពោលទើបតែជាងមួយសប្តាហ៍បន្ទាប់ពីទទួលការវះកាត់ខួរក្បាលហើយនឹងបន្តការជាសះស្បើយនៅក្នុងផ្ទះឯកជនមួយ។
វីដេអូចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថាអតីតជ័យលាភីវើលខាប់រូបនេះបានចាកចេញពីគ្លីនិកOlivos តាមរថយន្តសង្គ្រោះបន្ទាន់។ វេជ្ជបណ្ឌិតរបស់លោកម៉ារ៉ាដូណាគឺលោក លីអូផូលដូ លូកេ បានប្រាប់អ្នកកាសែតថា លោកជាអ្នកអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
មេធាវីរបស់ម៉ារ៉ាដូណាគឺ ម៉ាធៀស ម៉ូឡា បាននិយាយថា បុរសជនជាតិអាហ្សង់ទីនវ័យ ៦០ ឆ្នាំរូបនេះនឹងបន្តទទួលការព្យាបាលជំងឺប្រមឹកស្រារបស់គាត់។គេរំពឹងថាម៉ារ៉ាដូណានឹងស្នាក់នៅក្នុងផ្ទះក្បែរកូនស្រីរបស់គាត់។
ម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ រូបនេះកាលពីសប្តាហ៍មុនបានធ្វើការវះកាត់បន្ទាន់មួយសម្រាប់ជំងឺឈាមកកក្នុងភ្នាសខួរក្បាល។
វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់ម៉ារ៉ាដូណាលោកលូកេនិយាយកាលពីថ្ងៃអង្គារថាសូម្បីតែការផឹកស្រាតិចតួចក៏អាចមានឥទ្ធិពលអវិជ្ជមានលើថ្នាំដែលម៉ារ៉ាដូណាត្រូវលេបដើម្បីជាសះស្បើយឡើងវិញដែរ។
អតីតកីឡាករ Boca Juniors, Barcelona និង Napoli រូបនេះធ្លាប់មានបញ្ហាញៀនថ្នាំនាពេលកន្លងមកផងដែរ៕
ម៉ារ៉ាដូណាចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃពុធ