ដូ​ណា​ល់ ត្រាំ បង្ហាញ​ក្តីសង្ឃឹម​ថា​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​អាច​រស់នៅ​ជាមួយគ្នា​បាន​នៅក្នុង “​សន្តិភាព​”

3363
ចែករម្លែក

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​១៨​មេសា​បាន​សម្តែង​ការ​សង្ឃឹមថា កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង ដែល​នៅតែ​មាន​សង្គ្រាម​នេះ​អាច​ត្រួស​​ត្រាយ​ផ្លូវ​ទៅ​រក​សុខ​សន្តិភាព​យូរអង្វែង នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅពេល​ឆាប់ៗ​ខាងមុខនេះ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ធ្វើ​អត្ថាធិប្បាយ​ដូចនេះ ចំ​ពេល​មាន​ការរំជើបរំជួល​នៃ​សកម្មភាព​ការទូត ដែល​បាន​ជំរុញ​ឱ្យ​មាន​ក្តី​សង្ឃឹម​អំពី​លទ្ធផល​ល្អ​ប្រសើរ​ក្នុងការ​ទម្លុះ​​ទម្លាយ​ភាពទាល់ច្រក​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​។​

​ប្រធានា​ធីបតី​អាមេរិកនេះ បាន​និយាយ​នៅ​សន្និសីទកាសែត​រួមជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ នៅ​រមណីយដ្ឋាន​Mar-a-Lago របស់​លោក​នៅ​រដ្ឋ​Florida ថា ” យើង​សង្ឃឹមថា​នឹង បានឃើញ​ថ្ងៃ ដែល​ឧបទ្វីប​កូរ៉េ​ទាំងមូល​អាច​រស់នៅ​ជាមួយគ្នា​នៅក្នុង​ភាពសុខសាន្ត វិបុលភាព និង សន្តិភាព​” ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា “​ដូចដែល ខ្ញុំ​បាន​និយាយ​ពី​មុន​ថា ​មាន​ផ្លូវ​ដ៏​ភ្លឺ​មួយ​ដែល​មាន​សារៈសំខាន់​ដល់​កូរ៉េខាងជើង នៅពេល ប្រទេស​នេះ សម្រេចបាន​នូវ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នោះ​”

​លោក ដូ​ណា​ល់ ត្រាំ ដែល​គ្រោង​នឹង​ជួប​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន ក្នុង​រយៈពេល​២​ខែ​ទៀត បាន​និយាយ​បន្ថែមថា “​វា​គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​​ពួកគេ និង​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ពិភពលោក​” ។​

​កាលពី​ថ្ងៃ​ពុធ មេដឹកនាំ​អាមេរិក​នេះ បានបញ្ជាក់​ថា កិច្ចប្រជុំ​សម្ងាត់​មួយ​បាន​កើតឡើង​រួច​ទៅ​ហើយ​រវាង ប្រធាន​ក្រុម​ស៊ើប​ការសម្ងាត់​CIA របស់​អាមេរិក និង មេដឹកនាំ​​កូរ៉េខាងជើង​នេះ ៕ដោយ:សុខា/sn

​លោក ដូ​ណា​ល់ ត្រាំ គ្រោង​នឹង​ធ្វើ​ជំនួប​កំពូល​មួយ ជាមួយ លោក គីម ជុង អ៊ុន នៅ​រយៈពេល​២​ខែ​ទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម