ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋាន ១៦៨បានបើក រថយន្តបត់ស្ដាំ ចូលភោជនីយដ្ឋាន ខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូកង់បីឥណ្ឌា បើកលឿនមកបុក ពីក្រោយ កៀបជាប់តៃកុង រងរបួសបែកថ្ងាស ឈាមស្រក់ពេញខ្លួន ផ្អើលក្រុមអ្នករត់កង់បី និងប្រជាពលរដ្ឋ ជួយគាស់យកមនុស្សចេញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង ១១និង៣០ យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខ ភោជនីយដ្ឋាន ១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភាគីខាងរថយន្តម៉ាក ហ្វតរ៉េនជ័រ (Ford Ranger) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-3068 បើកបរដោយឈ្មោះ សួស សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ថៅកែភោជនីយដ្ឋាន ១៦៨ ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ភាគីខាងកង់បី ឥណ្ឌា ពណ៌លឿង ពាក់ស្លាកលេខ ព្រៃវែង 1O-4095 បើកបរដោយឈ្មោះ ខាន់ សុផា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍ផ្ទាល់ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ្វត រ៉េនជ័រ (Ford Ranger) បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋាន និងមានមនុស្សស្រី ២-៣ នាក់ទៀត ជាអ្នករួមដំណើរ ក្នុងរថយន្តបានធ្វើដំណើរតាមផ្លូវជាតិ លេខ២ ទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿនល្មម។ លុះមកដល់ចំណុចកើតហេតុ បានបត់ស្ដាំ បំណងចូលមកភោជនីយដ្ឋានរបស់ខ្លួន ដោយមិនឃើញមានបើកស៊ីញ៉ូឡើយ ស្រាប់តែមានបុរសម្នាក់ បើកកង់បីឥណ្ឌា ក្នុងល្បឿនលឿន មកពីក្រោយទៅបុកចំហៀងខាង ឆ្វេង បណ្ដាលឲ្យរួញ មួយកំណាត់មុខ គៀបជាប់តៃកុង និងជាប់កាងកង់បីឥណ្ឌាជាប់ពីក្រោយ រថយន្ត។ ចំណែកឯរថយន្ត បានបន្តបត់ចូលដល់ ក្នុងភោជនីយដ្ឋាន ១៦៨ ទើបឈប់បង្កការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកជិតខាង និងក្រុមអ្នករត់កង់បី ជួយគាស់យកម្ចាស់កង់បីចេញមក ខាងក្រៅ ហើយម្ចាស់កង់បី បានទូរស័ព្ទហៅ ក្រុមគ្រួសារ អោយមកជួយដោះស្រាយ។ ចំណែកឯខ្លួនបាន ឡើងរថយន្តគិលានសង្គ្រោះ ទៅសង្គ្រោះ និងព្យាបាលរបួសនៅឯមន្ទីរពេទ្យ បាត់ទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងសមត្ថកិច្ចនគរបាល ផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចប្រគល់អោយខាងការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ៕PC