ប្រែសម្រួល : កញ្ញាដាលីស/ប៊ុយណូស៊ែ, អាហ្សង់ទីន ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងកាលពីថ្ងៃពុធទី១១វិច្ឆិកាថា យានមុជទឹកចិនមួយគ្រឿងបានដឹកបុរស ៣នាក់ចុះទៅបាតសមុទ្រនៃតំបន់ម៉ារីយ៉ាណាត្រេន ដែលជាចំណុចជ្រៅបំផុតនៃមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីបានចុះមុជទឹករហូតដល់ជម្រៅ ១០.៩០៩ ម៉ែត្រ។
ទូរទស្សន៍រដ្ឋ CCTV របស់រដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា យានមុជទឹក Fendouzhe ឬ Striverបានបំបែកឯតទគ្គកម្ររបស់ប្រទេសចិនសម្រាប់ការមុជមុជទឹកជាមួយក្រុមនាវិកនៅចំណុចសមុទ្រជ្រៅបំផុតកាលពីថ្ងៃអង្គារ បន្ទាប់ពីចំណាយពេលជិត៤ ម៉ោងនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក។
បេសកកម្មនេះនឹងជួយចិនស្វែងយល់ពីធនធានធម្មជាតិជាច្រើននៅសមុទ្រជ្រៅ ដោយជួយអ្នកវិទ្យាសាស្ត្រគូរ “ផែនទីកំណប់ទ្រព្យ” បាតសមុទ្រ។
CCTV បាននិយាយថា យានមុជទឹកFendouzhe បានចូលទៅក្នុងមហាសមុទ្រនៅម៉ោង ៨៖២០ នាទីយប់ថ្ងៃចន្ទហើយបានងើបមកផ្ទៃទឹកវិញនៅម៉ោង ១២៖១២ នាទីព្រឹកថ្ងៃអង្គារ។
ប៉ុស្តិ៍ព័ត៌មានផ្លូវការនេះបាននិយាយថា យានបានស្ថិតនៅបាតសមុទ្រអស់រយៈពេលជាង៦ ម៉ោងដើម្បីប្រមូលសំណាកសមុទ្រនិងចងក្រងឯកសារទេសភាពជុំវិញបាតសមុទ្រ។
ដំណើររបស់វាគឺចាញ់តិចតួចប៉ុណ្ណោះធៀបនឹងការមុជទឹកជ្រៅបំផុតដោយមនុស្សកាលពីគ្រាមុនៗ គឺចាញ់តែ ១៨ ម៉ែត្រប៉ុណ្ណោះ។
ឯតទគ្គកម្មពិភពលោកបច្ចុប្បន្នគឺកាន់កាប់ដោយលោកវិកទ័រ វ៉េស្កូវ៉ូ ជាអ្នករុករកជនជាតិអាម៉េរិក ដែលអះអាងថាទៅដល់បាតសមុទ្ររហូតដល់ជម្រៅ ១០.៩២៧ ម៉ែត្រនៅចំណុចម៉ារីយ៉ាណាត្រេនកាលពីខែឧសភាឆ្នាំ ២០១៩៕
យានមុជទឹកចិន Fendouzhe ចុះបាតសមុទ្ររហូតដល់ជម្រៅ ១០.៩០៩ ម៉ែត្រនៅចំណុចម៉ារីយ៉ាណាត្រេន