ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវ ចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយ ជំនន់ទឹកភ្លៀង ១.០២០ គ្រួសារ ដែលមានទីតាំង តាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
អំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ១.០២០គ្រួសារ រួមមាន ក្នុង ១គ្រួសារ ទទួលបានស្រូវពូជ ១០០ គីឡូក្រាម មី ១កេស នំប៉័ង ១ដើម និងថវិកា ៥ម៉ឺនរៀល ។
ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែ គិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋ ទូទាំងប្រទេស ហើយលោកស្រី ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនព្រមទាំង ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ ១៩ ព្រោះមកដល់ពេលនេះ ជំងឺនេះនៅបន្តរីករាលដាល យ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំង ការពារនៅឡើយទេ ។ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ចូលរួមពង្រឹងនូវភូមិឃុំ មានសុវត្ថិភាព និងជៀសឱ្យផុតពីគ្រឿងញៀន។ ជាពិសេស សូមបន្តរួមគ្នា ការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើង រួមបន្តអភិវឌ្ឍន៍ ប្រទេសយើងទៅមុខទៀត៕PC