ដោយៈសរិទ្ធ / ភ្នំពេញៈ ជនសង្ស័យ ចំនួន ពីរនាក់ ដែលជាប់ពាក់ព័ន្ធ ករណីកាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត បានត្រូវសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ បញ្ជូនមកតុលាការ នៅព្រឹកទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យ ឈ្មោះ សេង សៀងហា ហៅ ជ្រូក ភេទប្រុស បានត្រូវកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចយឿ លក់ត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សេង សៀងហា ហៅ ជ្រូក រួមនឹងអាវុធម៉ាកបេរឺតា លេខM ៥០៩៣៥Z ចំនួន១ដើម ដែកកាច់កម៉ូតូ ចំនួន១ សមត្ថកិច្ច បានអនុវត្តន៍វិធានការជំនាញ និងមានការសម្រប សម្រួល ពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញនៅបានស្រាវ ជ្រាវឈាន ដល់ការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ឈាង ដាវីត ភេទប្រុស នៅចំណុចស្តុប ផ្សារស៊ិនជូរីផ្លាហ្សា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីសាកសួរ ជនសង្ស័យ បានសារភាពថាៈ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ខ្លួន និងបក្ខពួក ឈ្មោះ ភ័ក្ត្រ បានធ្វើសកម្មភាពគាស់ផ្ទះ នៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកបានអាវុធ ម៉ាកបេរឺតា ចំនួន១ដើម អាយផេត ១ ប្រាក់ ៤០០ ដុល្លារ ។ ចំណែកអាវុធម៉ាក បេរឺតា ខ្លួនបានយកទៅលក់ឲ្យ ឈ្មោះ សេង សៀងហា ហៅ ជ្រូក តម្លៃ ៦០០ ដុល្លារ តែឈ្មោះ ជ្រូក ពុំទាន់មានលុយឲ្យនៅឡើយ៕PC