ប្រុស​ស្រី​៤​នាក់​សំងំ​ជក់​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

1593
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: សមត្ថកិច្ច​ប៉ុស្ដិ៍​បឹង​ធំ ក្រោម​បញ្ជា​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់ ខណៈដែល​ប្រមូល​ផ្តុំគ្នា​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន ឆែកឆេរ​ឃើញ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងព្រៃ​រមាស​២ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ រាឃ​ធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១. ឈ្មោះ លឹម រដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ ផ្ទះកើតហេតុ​ខាងលើ ហើយ​ជា​ម្ចាស់​ថ្នាំញៀន​៦​កញ្ចប់ ។ ទី​២. ឈ្មោះ ហេម ហាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ មិន​ពិត​ប្រក​ដ មាន​ទីលំនៅ ភូមិ​ស្រែ​ខ្សាច់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ខែ​មកហើយ​)​។ ទី​៣. ឈ្មោះ អូន កញ្ញា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ ស្ត្រី​ម៉ាស្សា ស្នាក់នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល មាន​ស្រុកកំណើត ភូមិ​ព្រៃ​គ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង​។ ទី​៤. ឈ្មោះ ផល ឌឿ​ន ហៅ ស្រី​ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល មាន​ស្រុកកំណើត ភូមិ​ស្រែ​ចែង ឃុំ ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា មុន​ឃាត់ខ្លួន​បាន​ជនសង្ស័យ បន្ទាប់ពី ក្រុម​ជនសង្ស័យ​ប្រមាណ​ជិត​១០​នាក់ ប្រមូលផ្តុំ​គ្នា​ផឹកស៊ី នៅផ្ទះ​ជនសង្ស័យ លឹម រដ្ឋា មាន​ទាំង​ប្រើប្រាស់​គ្រឿងញៀន​ផង ឃើញ​ក្នុង​សកម្មភាព បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន ទើប​ប្រជាពលរដ្ឋ រាយការណ៍​ជូន​សមត្ថកិច្ច ដោយ​មិន​អស់ចិត្ត នគរបាល ប្រើ​វិធីសាស្ត្រ ដើម្បី​ឲ្យ​ដឹង​ច្បាស់ ក្នុង​រូបភាព​ប្រើ​ធ្នាក់ ធ្វើជា​ឲ្យ​ទៅរក​ទិញ​ថ្នាំញៀន ទើប​ដឹង​ច្បាស់​ថា ជនសង្ស័យ ឈ្មោះ លឹម រដ្ឋា ជា​អ្នក​ចែកចាយ​ថ្នាំញៀន ទើប​កម្លាំង​ចុះទៅ​បង្ក្រាប ចាប់ខ្លួនបាន​៤​នាក់ ស្រី​២​នាក់ ហើយ​អ្នកផ្សេង​ឯទៀត​រត់​គេចខ្លួនបាត់​។ នគរបាល​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ថ្នាំ គ្រាន់តែ​ក្រឡេកឃើញ កម្លាំង​សមត្ថកិច្ច ស្ទុះ​បើក​ម៉ូតូ​រត់ តែ​មិន​រួច​គេច​ជ្រុល​ធ្លាក់​ផ្លូវ​ដួល​រងរបួស​មុខ ដៃ ជើង ដោយ​ខ្លួនឯង ទើប​សមត្ថកិច្ច​តាម​ទាន់​ចាប់​ជាប់ រកឃើញ​ថ្នាំញៀន​៦​កញ្ចប់​តូច​។​

​ទោះជា​យ៉ាងណាក្តី ស្ត្រី​២​នាក់ មិនទាន់​ដឹងថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​គ្រឿងញៀន​ដែរ​ឬ​យ៉ាងណា សមត្ថកិច្ច ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​រងចាំ​ធ្វើតេស្ត​ទឹកនោម ដើម្បី​រកសារ​ធាតុ​ញៀន​ជាមុនសិន រួច​បន្ត​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៤ ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន កសាង​សំណុំរឿង​បន្ត​ទៅតាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម