ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ នៅក្នុងឃុំសែប ស្រុកកំពង់ត្រឡាច បានត្អូញត្អែរ លើការធ្វើដំណើរដ៍លំបាក លើផ្លូវមួយខ្សែ ពីមាត់ទន្លេ ស្ថិតភូមិកំពង់ប្រាសាទ មកដល់ភូមិក្បាល ថ្នល់សែប ដែលមានប្រវែង ៥.៨០០ ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៥ កំពុងរងការខូចខាតយ៉ាងដំណំ និងអំពាវនាវអោយមន្ត្រីជំនាញ ជួយជួសជុល ស្ដារឡើងវិញ អោយបានការធ្វើដំណើរបានស្រួល ជាប្រក្រតី ។
ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ផ្លូវ ខាងលើនេះ បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានថាៈ ផ្លូវនេះ បានរងការខូចខាត ជាយូរយារណាស់មកហើយ ប៉ុន្តែមិនដែលបានឃើញមន្ទីរជំនាញ ខាងណាមួយ ជួយជួសជុល ឬកែលម្អឡើងវិញឡើយ ដែលធ្វើឲ្យពួកគាត់ ជួបការលំបាក ក្នុងការធ្វើដំណើរ យ៉ាងខ្លាំង រហូតមកដល់ពេលនេះ។
ពួកគាត់ បានអោយដឹងទៀតថាៈ កាលពីធ្វើដំបូងឡើយ ធ្វើដំណើរបានស្រួលតែមួយរយៈខ្លី ប៉ុណ្ណោះ តែក្រោយៗមក ក៏បានរងការខូចខាតទៅវិញ យ៉ាងឆាប់ រហ័សហាក់ដូចជាមិន មានគុណភាព និងមិនមានអ្នកមើលថែទាំ នោះឡើយ ។
លោក ឈឹ មវុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានប្រាប់នៅព្រឹក ថ្ងៃទី១២ វិច្ឆិកា នេះដោយការ ទទួលស្គាល់ថា ផ្លូវ១ខ្សែនេះ បានរងការខូចខាត យូរមកហើយពិតមែន។ ប៉ុន្តែលោកក៍បាន ទទួលដំណឹងថា មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង នឹងឈូសពង្រាបក្រាលក្រួសក្រហម នៅចុងខែ ខាងមុខនេះ ប្រសិនបើមិនមានភ្លៀងធ្លាក់ទៀតទេ ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅមក របស់បងប្អូនប្រជាពលរដ្ឋ ។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកព័ត៌មានយើង ដឹងនៅព្រឹកថ្ងៃទី ១២ នេះថា ខាងមន្ទីរបស់លោក មានគម្រោង ឈូស ពង្រាបឡើងវិញ ប៉ុន្តែដោយសារ ប៉ុន្មានថ្ងៃនេះ ភ្លៀងខ្លាំងពេក មិនអាចធ្វើទៅបាន។ តែបើទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់ថាៈ គឺគ្រាន់តែឈូស ពង្រាប សំបុកមាន់ ឲ្យពលរដ្ឋធ្វើដំណើរបានស្រួលតែ ប៉ុណ្ណោះ ហើយក៍នៅមិនទាន់មានគម្រោងណាមួយ ជួសជុលជាទ្រង់ទ្រាយ ធំដុំនោះទេ។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែ មានប្រវែង ៥.៨០០ ម៉ែត្រនេះ ខាងមន្ទីរ បានលើកសំណើ នៅក្នុងគម្រោង ឆ្នាំ ២០២១ រួចហើយ ហើយរំពឹងថា នឹងទទួលបានគម្រោងជួសជុលផ្លូវមួយ ខ្សែនេះ ក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយវានឹងក្លាយជាផ្លូវក្រាលកៅស៊ូ សម្រាប់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ កាន់ប្រសើរឡើងវិញ៕PC