Home ព័ត៌មានជាតិ អប់រំ មន្ត្រី​នាំពា...

មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​៖ ពុំមាន​ការលើក​ពេល ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​ឡើយ ប៉ុន្តែ​ត្រូវ​តាម ដាន​ស្ថានការណ៍​សិន​

ដោយៈ ដេប៉ូ / ភ្នំពេញៈ ខណៈពេល​ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប កាន់តែ​ខិតជិត​មកដល់ ហើយ​ការរីក​រាតត្បាត នៃ​ជំងឺ​កូ​វិដ​-១៩ កើតមាន​បន្តបន្ទាប់ ពិសេស​ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣ ខែវិច្ឆិកា កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់ មួយចំនួន​ក្តី ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ក្រសួង​អប់រំ ពុំទាន់​មាន​ផែនការ លើក​ពេល នៃ​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ ហៅ​ឌី​ប្លូ​ម និង​ការប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​បាក់​ឌុប នោះទេ​។ នេះ​បើតាម​ការឱ្យ​ដឹង ពី​សំណាក់​លោក រស់ សុ​វាចា មន្ត្រី​នាំពាក្យ ក្រសួង​អប់រំ​។​

​គួរ​បញ្ជាក់ថា ការប្រឡង​ឌី​ប្លូ​ម នា​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ឡើង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ការប្រឡង​បាក់​ឌុប នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខ​។​

​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ លោក រស់ សុ​វាចា​បានឱ្យ ដឹងថាៈ បើទោះបី​ការផ្អាក ឬ​ពន្យារពេល ការប្រឡង​របស់​សិស្ស ទាំងពីរ​ថ្នាក់ ខាងលើនេះ ក្រសួង​មិនទាន់មាន ផែនការ​ផ្លាស់ប្តូរ​ក្តី ប៉ុន្តែ​ពេលនេះ​ក្រសួង​នៅតែ​បន្ត​តាមដាន និង​វាយតម្លៃ ស្ថាន​ការវិវត្ត ទាក់ទង​ស្ថានភាព នៃ​ការរីក​រាល ជំងឺ​កូ​វីដ​១៩ បន្តទៀត​។​

​ជាមួយគ្នា​មន្ត្រី​នាំពាក្យ ក្រសួង​អប់រំ បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស ទាំងពីរ គឺ​ថ្នាក់​ត្រូវ​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប ត្រូវខិតខំ​រៀនសូត្រ ដើម្បី​ទទួលបាន​ជោគជ័យ នា​ថ្ងៃ​ខាងមុខ​។ ក្រសួង​នៅតែ ពង្រឹងគុណភាព ដូច​ឆ្នាំមុនៗ ពោលគឺ​ក្រសួង នៅតែ​អនុវត្ត​គោលការណ៍​ធំៗ ចំនួន ៤ ដដែល គឺ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល អាច​ទទួលយកបាន ដើម្បី​រក្សា​គុណភាព ប្រឡង ដល់​សិស្ស​គ្រប់​ជំនាន់​បន្តទៀត​។​

​គួរ​បញ្ជាក់ថា បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា បានឱ្យដឹង កាលពីមុន​មកនេះ​ថា ការប្រឡង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ នៅតែ​តឹងរឹង​ដោយ​គ្មាន កា​រប​ន្ថូ​រ​បន្ថយ លើ​វិញ្ញាសា​ប្រឡង​ឡើយ បើទោះបី​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​យ៉ាង ណា​ក្តី ។​

​លោក ហង់ ជួនណា​រ៉ុ​ន បាន​មា​ប្រសាសន៍ថាៈ ការ​រឹតបន្តឹង​ការប្រឡង​នេះ​ក្នុង​បំណង​ចង់​ឲ្យ សិស្សានុសិស្ស ខិតខំ​រៀនសូត្រ មានចំណេះដឹង ពិតប្រាកដ ទទួលបាន​និទ្ទេស​ល្អ​មាន​បំ​និ​ន គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ សេដ្ឋកិច្ច​របស់​ប្រទេស ។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថាៈ ដំណើរការ​ប្រឡង​បាក់​ឌុប នឹង​ប្រព្រឹត្តទៅ តាម​ស្តង់ដា​សុវត្ថិភាព ខ្ពស់ ដោយ​កំណត់​ឲ្យ​មាន បេក្ខជន​ប្រឡង មិន​ឲ្យ​លើសពី ២៥ នាក់ ក្នុង​មួយ​បន្ទប់​។ មុន​ចូល មណ្ឌល​ប្រឡង តម្រូវ​ឲ្យ​សិស្សានុសិស្ស វាស់​កំដៅ ពាក់​ម៉ាស់ និង​លាងដៃ ជាមួយ​ទឹក​អាល់​កល់ ឬ​សាប៊ូ មុនពេល​ចូល បន្ទប់​ប្រឡង ដើម្បី​ធានា​សុវត្ថិភាព និង​ទប់ស្កាត់ ការ​រាតត្បាត នៃ​ជំងឺ កូ​វីដ​-១៩​។ ក្រសួង​អប់រំ នឹង​ទិញ​សម្ភារ​ការពារ ដូចជា​ម៉ាស់ សាប៊ូ​លាងដៃ និង​អាល់កុល សម្រាប់​ដាក់​នៅតាម​មណ្ឌល​ប្រឡង​។ ប៉ុន្តែ​សិស្ស​ខ្លួនឯង ក៏​ត្រូវយក​ម៉ាស់ ទៅជា​មួយ​ផងដែរ ដើម្បី​ការពារ​ជំងឺឆ្លង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular