ប្រែសម្រួល : កញ្ញាដាលីស/ជប៉ុន ៖ រ៉ូបូត “បិសាចចចក” ត្រូវបានទុកចោលកណ្តាលវាលនៅទីក្រុងមួយក្នុងប្រទេសជប៉ុនក្នុងគោលបំណងដើម្បីបន្លាចសត្វខ្លាឃ្មុំព្រៃដែលកំពុងអុកឡុកនៅតំបន់លំនៅដ្ឋាន។
ទីក្រុងតាគីកាវ៉ាស្ថិតនៅភាគខាងជើងកោះហុកកៃដូបានទិញនិងតំឡើងរ៉ូបូតមួយគូ បន្ទាប់ពីគេប្រទះឃើញសត្វខ្លាឃ្មុំដើរនៅសង្កាត់ជាច្រើនកាលពីខែកញ្ញា។
មន្ត្រីក្រុងបាននិយាយថាគេពុំដែលឃើញខ្លាឃ្មុំព្រៃទៀតទេ ចាប់តាំងពីពួកគេបានដាក់ពង្រាយបិសាចចចកភ្នែកក្រហមដើម្បីការពារទីក្រុង។
ទូរទស្សន៍ជាតិNHK បានរាយការណ៍ថា ការប្រទះឃើញសត្វខ្លាឃ្មុំញឹកញាប់ខ្លាំងក្នុងរយៈពេល៥ ឆ្នាំមកនេះ ដែលភាគច្រើនស្ថិតនៅតំបន់ជនបទនៅភាគខាងលិចនិងភាគខាងជើងប្រទេសជប៉ុន។
រហូតមកទល់ពេលនេះមានការវាយប្រហាររាប់សិបលើកមកហើយក្នុងឆ្នាំ ២០២០ ដោយបណ្តាលឱ្យស្លាប់មនុស្ស២នាក់ ជាហេតុជំរុញឱ្យរដ្ឋាភិបាលកោះប្រជុំបន្ទាន់ដើម្បីដោះស្រាយការគំរាមកំហែងដែលខ្លាឃ្មុំព្រៃបានបង្កឡើង។
រ៉ូបូតបិសាចចចកនេះមានបណ្តោយ ១,២២ ម៉ែត្រ និងកម្ពស់ ០,៩១ ម៉ែត្រ មានភ្នែកក្រហម អាចបញ្ចេញពន្លឺពីភ្នែក និងមានសំឡេងគ្រហឹមរហូត ៦០ ប្រភេទផ្សេងគ្នា។
មន្ត្រីក្រុងនិយាយថារ៉ូបូតនឹងបន្តស្ថិតនៅក្នុងទីក្រុងរហូតដល់រដូវខ្លាឃ្មុំចូលព្រៃវិញនៅចុងខែវិច្ឆិកា និង ហានិភ័យចំពោះអាយុជីវិតលែងមានតទៅទៀត៕
រ៉ូបូតបិសាចចចកកំពុងដាក់ពង្រាយនៅទីក្រុងតាគីកាវ៉ាដើម្បីបន្លាចខ្លាឃ្មុំព្រៃ