សម័យ​ហ្វេ​ស​ប៊ុ​ក មុននឹង​ជឿ​អ្វី សូម​ពិចារណា និង​ផ្ទៀងផ្ទាត់​ឲ្យ​ច្បាស់លាស់​!

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​: ក្នុង​សារ​ជូន​បងប្អូន​ជនរួមជាតិ នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា “​ថ្មីៗ​នេះ មាន​មនុស្ស​អាក្រក់​មួយចំនួន បាន​បំផុស​ពាក្យ​ច​ចាម​អារាម​ថា រាជរដ្ឋាភិបាល នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ​។ ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សូមបញ្ជាក់ថា នឹង​មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​”​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បាន​បន្ថែមថា “​ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល​ទំនិញ​ឡើងថ្លៃ​ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត​ដើម្បី​ពួកគេ​គេង​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​”​។​សម្តេច​តេ​ជោ​បន្ថែមទៀតថា បញ្ហាសំខាន់ ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ​វីដ​-១៩ នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។​។​

​ក្នុងពេល​សម័យ​ទំនើប​នេះ ពិសេស​នៅពេល​បណ្តាញ​ទំនាកទំនង​សង្គម​កាន់តែ​ទូលាយ មាន​ដំណឹង​ជាច្រើន មិន​ពិត​។ ក្នុងនោះ នៅពេល​ពិភពលោក​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ហើយ​នៅ​កម្ពុជា កំពុង​ព្រួយបារម្ភ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មានការ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក តាម messenger តាម​ក្រុម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​នូវ​ដំណឹង​មិន​ពិតជា​ច្រើន​។ ក្នុងនោះ ក៏មាន​សារ​ជា​សំឡេង ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន កុំ​ចេញពីផ្ទះ ដោយ​ថា មាន​អ្នក​ឆ្លង​កូ​វីដ កាន់តែច្រើន ពី​ឪពុក​ទៅ​កូន ជាដើម​។ អ្នកខ្លះ ក៏​បំផុស​ឲ្យ​ប្រជាជន​ទិញ​ស្បៀង​ទុក ទិញ​អង្ករ ចាក់​សាំង​ឡាន​ម៉ូតូ ដោយសារ​នឹងត្រូវ​បិទ​ប្រទេស បិទ​ខេត្ត​រាជធានី មិន​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់ ដើម្បី​ការពារ កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​។​ល​។ និង​។​ល​។​

​ការផ្សព្វផ្សាយ​ដំណឹង​មិន​ពិត និង​ការផ្សព្វផ្សាយ​បន្ត​ដូច្នេះ បើ​គេ​រកឃើញ គឺ​ច្បាស់​ជា​មានទោស​តាមច្បាប់​។ មួយវិញទៀត អ្នកធ្វើ​ដូច្នេះ ក៏​មិនមាន​បំណងល្អ​អ្វី ក្រៅពី​ចង់​ឲ្យ​សង្គមជាតិ ជ្រុល​ច្របល់ ហើយ​ទំនិញ​ឡើងថ្លៃ​ប៉ុណ្ណោះ​។​

​ជាការ​ពិត គេ​មិនអាច​បិទមាត់ មិនអាច​បិទ​បណ្តាញ​ទំនាក់ទំនង​សង្គម​មិន​ឲ្យ​និយាយ មិន​ឲ្យ​បង្ហោះ​សារ ទោះបីជា​រឿង​នោះ ពិត ឬ​មិន​ពិត​ក៏ដោយ​។ តែ​ទាំង​អ្នក​និយាយ ទាំង​អ្នក​បង្ហោះ​សារ ជាដើម ត្រូវតែ​ទទួល ខុសត្រូវ​ចំពោះ​សម្តី​របស់ខ្លួន និង​សារ​បង្ហោះ​របស់ខ្លួន​។ ចូរ​ចាំ​ថា បើ​រឿង​នោះ មិន​ពិត អ្នកនឹង​ត្រូវ​មានទោស តាមច្បាប់ ហើយ​យ៉ាងហោចណាស់ ក៏​អ្នក​អស់​តម្លៃ ព្រោះតែ​រឿង​មិន​ពិត​នេះ​។

​រីឯ​អ្នក​ស្តាប់ និង​អ្នកមើល​សារ​ហ្វេ​ស​ប៊ុ​ក តាម Messenger ក្តី ឬក៏​តាម Telegram និង​ប្រព័ន្ធ​សង្គម​ដទៃទៀត ក្នុង​សម័យនេះ​ទៅហើយ គួរតែ​ស្វែងយល់​ឲ្យ​កាន់តែច្រើន​ថា ដំណឹង​នោះ ពិត ឬ​មិន​ពិត​?​។ ស្វែងយល់​តាម រយៈ​ការសាកសួរ​ទៅកាន់​មន្ត្រី​ជំនាញ អ្នកធ្វើការ​លើ​ផ្នែក​ដែល​គេ​លើកឡើង​នោះ តើ​ដំណឹង ដែល​គេ​និយាយ និង​ផ្សព្វផ្សាយ​មក​នោះ ពិត ឬទេ​? ហើយ​បើ​ពិត ដល់​កម្រិតណា​? ក្រៅពីនោះ គេ​ក៏​អាច​សាកសួរ​បន្ថែម​លើ​មិត្តភក្តិ បងប្អូន និង​អ្នកជិតខាង ជាដើម​។​ល​។ ដើម្បី​ផ្ទៀងផ្ទាត់​។ ការស្វែងរក​ដំណឹង​តាម​សារព័ត៌មាន​វិជ្ជាជីវៈ និង​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ស្ថាប័ន​ជំនាញ ក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ផ្ទៀងផ្ទាត់​ដំណឹង ដែល​គេ​ផ្សាយ​នោះ​។​

​ការបញ្ជាក់​បំភ្លឺ​របស់​ក្រសួង​ស្ថាប័ន​ជំនាញ ពិសេស​នាយករដ្ឋមន្ត្រី ប្រកាស​លើ​ហ្វេ​ស៊​បុក​ផ្លូវការ​ដូច្នេះ ក៏​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​បំបាត់​ដំណឹង​ក្លែងក្លាយ ពាក្យ​ច​ចាម​អារាម​មិន​ពិត​នោះ​ផងដែរ​។​

​សរុបទៅ ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ទាំង​មន្ត្រី​ជំនាញ ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​ទាំង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម ដើម្បី​ផ្ទៀងផ្ទាត់ ហើយ​កុំ​ប្រញាប់​ជឿ ដោយ​មិន​ពិចារណា និង​កុំ​ផ្សព្វផ្សាយ​បន្ត​នូវ​ដំណឹង​ណាមួយ ដែល​ខ្លួន​មិន​ច្បាស់​ការណ៍​។ ត្រូវ​ចងចាំ​ថា ក្រៅពី​មិនបាន​ជា​ប្រយោជន​សម្រាប់​ខ្លួនឯង សង្គម​គ្រួសារ និង​ប្រទេសជាតិ​ហើយ​នោះ ការផ្សព្វផ្សាយ​ដំណឹង​មិន​ពិត ក្លែងក្លាយ បោកប្រាស់​គេ​នេះ ក៏ត្រូវ​មានទោស​ថែមទៀត បើសិន​គិត​តាមច្បាប់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...