ដោយៈញ៉ែមសុផល/ភ្នំពេញ:ព្រឹទ្ធសភានាព្រឹកថ្ងៃទី១២ខែវិច្ឆិកាបានបន្តសម័យប្រជុំរបស់ខ្លួនដើម្បីពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ក្រោយការពិនិត្យនិងពិភាក្សារួចអង្គព្រឹទ្ធសភាដែលមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន៥២រូបបានអនុម័តនិងឯកភាពចំពោះសេចក្តីព្រាងច្បាប់ទាំង៦ដែលអនុម័តដោយរដ្ឋសភាកន្លងទៅថ្មីៗនេះ។
សេចក្តីព្រាងច្បាប់ទាំង៦នោះមាន៖១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។២. សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។៣.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន ។៤.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។៥.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណរដ្ឋឥណ្ឌានិង៦.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាដោយកំណត់ខ្សែ ព្រំដែនមិនកែប្រែរឹងមាំយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយនិងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ]\]ថែរក្សាបាននូវព្រំដែនសន្ដិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្ដែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្ដ្រប្រទេសជាតិកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។ឯកឧត្តមវ៉ា គឹមហុង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ មាន ០៣មាត្រាបានត្រូវអង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
ព្រះរាជាណាចក្រកម្ពុជាប្រកាន់ភ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងហាមឃាត់ដាច់ខាតការផលិត ការដឹកជញ្ជូនការប្រើប្រាស់ការរក្សាទុកអាវុធគីមីអាវុធនុយក្លេអ៊ែរអាវុធជីវសាស្ដ្រនិងអាវុធវិទ្យុសកម្ម។រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហររឹងប៉ឹង សុទិដ្ឋិនិយម បានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គការ ស្ថាប័នជាតិ ស្ថាប័នអន្ដរជាតិ ដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរនេះកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៩ក្នុងគោលបំណងមិនអនុញ្ញាតឱ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរនិងផ្ដល់ជំនួយទ្រទ្រង់លើកទឹកចិត្តដល់បណ្ដាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀតផ្អែកតាមមាត្រា៥៤នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងច្បាប់ស្ដីពីការហាមឃាត់អាវុធគីមីអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ដ្រ និងអាវុធវិទ្យុសកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖ នស/រកម/១២០៩/០២៣ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជាហាមដាច់ខាតចំពោះការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមីអាវុធនុយក្លេអ៊ែរអាវុធជីវសាស្ដ្រនិងអាវុធវិទ្យុសកម្ម។ការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ ជាវិធានការរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពនិងទប់ស្កាត់នូវការរីកសាយ ភាយអាវុធមហាប្រល័យ។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មានភាពល្អប្រសើរឡើងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក នឹងតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុនតាមរយៈការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្ម សេវាកម្មបម្លាស់ទីរូបវន្តបុគ្គល ការវិនិយោគ ព្រមទាំងលើកកម្ពស់សហ-ប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងអាស៊ាន-ជប៉ុន។ព្រះរាជាណាចក្រកម្ពុជានឹងមានកាលានុវត្តភាពកាន់តែច្រើនបន្ថែមទៀត ក្នុងការទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួចនេះ ដោយសារជប៉ុនជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំងមានបច្ចេកវិទ្យាជឿនលឿន។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
រីឯសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្ម ដោយលុបបំបាត់ឱ្យបានច្រើនបំផុតនូវការរឹតត្បិតនានា ចំពោះពាណិជ្ជកម្ម សេវាកម្មក្នុងចំណោមបណ្តារដ្ឋសមាជិកអាស៊ាន ពង្រីកវិសាលភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅជាងមុន ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្មលើវិស័យ ឬអនុវិស័យថ្មីៗបន្ថែមទៀតឱ្យបានលើសពីអ្វីដែលបានធ្វើឡើងដោយបណ្តារដ្ឋសមាជិកអាស៊ាន នៅក្រោមកិច្ចព្រមព្រៀងទូទៅស្តីពី ពាណិជ្ជកម្ម សេវាកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់នានា ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីវិស័យឯកជន ក៏ដូចជារួមចំណែកក្នុងការសម្រេចបាននូវគោលដៅតាមការកំណត់របស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន២០២៥។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២០នាសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៦។លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់និងមន្ត្រីជំនាញបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា មានគោលបំណងជំរុញការវិនិយោគ និងបង្កើតរបបវិនិយោគដោយសេរីងាយស្រួល តម្លាភាព និងប្រកួតប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីកម្ម ការវិនិយោគកាន់តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួល ការវិនិយោគ បង្កើននូវវិធាន បទប្បញ្ញតិ្តវិនិយោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាពនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ព្រមទាំងបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ។តាមរយៈកិច្ចព្រមព្រៀងនេះព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញវិនិយោគិនពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈកម្ពុជាជាសមាជិកអាស៊ាន។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងជំរុញលំហូរវិនិយោគរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាននូវបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យកាន់តែប្រសើរឡើងក្នុងចំណោមភាគីនៃកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាងគូភាគីដែលត្រូវបានផ្តួចផ្តើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានាសម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ខាងឬវិនិយោគិននៃរដ្ឋមិនមែនភាគីលើទឹកដីនៃភាគីម្ខាងទៀតដោយឈរលើមូលដ្ឋានស្មើភាពនិងគ្មានការរើសអើងហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅ មក។តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញក្រុមហ៊ុនដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ០៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕សរន