ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងកូវីដ១៩ និងព្រឹត្តិការណ៍ ៣វិច្ឆិកា។
យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ដែលបានចេញផ្សាយ តាមហ្វេសប៊ុកផេកផ្លូវការ កាលពីរសៀលថ្ងៃ ព្រហស្បិ៍ ទី១២ វិច្ឆិកា ២០២០ ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងកូវីដ១៩ និងព្រឹត្តិការណ៍ ៣វិច្ឆិកា មានខ្លឹមសារសំខាន់ៗ ៦ចំណុចដូចតទៅ៖
១-ចៀសវាង ឬបើចៀសវាងមិនបានត្រូវកាត់បន្ថយ លុបចោល ឬពន្យាពេលជាអតិប្បរិមា នូវការជួបជុំគ្នា ឬ ការប្រជុំ និងព្រឹត្តិការណ៍ដែលបង្ករអោយមានមនុស្សច្រើន។
២-ចុះតាមដាន និងត្រួតពិនិត្យ នៅតាមវត្តអារាមនានា ដើម្បីអនុវត្តអោយបានតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
៣-រក្សាគម្លាតសុវត្ថិភាពពីម្នាក់ទៅម្នាក់ទៀត ដូចជាអង្គុយ ឈរ ឬឈររងចាំ ឬឈរជជែកគ្នាអោយនៅគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ ឡើងទៅ។
៤-បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពទាំងអស់គ្នាតាមរយៈការពាក់ម៉ាស ការពារ លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល។
៥-សូមលោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត អនុវត្តគោលការណ៍គម្លាតសង្គមអោយបានខ្ជាប់ខ្ជួនស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់ក្រសួងធម្មការ និងសាសនា នាពេលកន្លងមក។
៦-សូមលោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត រាយការណ៍ជាប្រចាំថ្ងៃមកក្រសួងតាមរយៈនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ដែលមានគ្រុបតេឡេក្រាមស្តីអំពីការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ និងទូរស័ព្ទលេខ (០១២ ៦០០ ៩៥២, ០១២ ៩១៤ ០០៩) អំពីស្ថានភាពជំងឺកូវីដ-១៩ គ្រប់វត្ត៕