ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ដើរឆ្លុះកង្កែប នៅពេលយប់ បានប្រទះឃើញបុរសម្នាក់ ស្លាប់នៅក្នុងថ្លុកត្រពាំង បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨ យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចត្រពាំងតាមិល ស្ថិតនៅក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អធិការនគរបាលស្រុកកំពង់លែង លោកវរសេនីយ៍ឯក ប៉ាល់ជឿន បានឲ្យដឹងតាមទូរស័ព្ទ នៅវេលារសៀល ថ្ងៃទី១២ វិច្ឆិកា នេះថាៈ ជនរងគ្រោះ ឈ្មោះ លឹម លឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ។
អធិការនគរបាលស្រុកកំពង់លែង បានឱ្យដឹងទៀតថាៈ នៅមុនពេលកើតហេតុ ជនរងគ្រោះ ផឹកស្រាស្រវឹង ហើយចេញទៅដើររកក្តាម និងខ្យង ដើម្បីយកមកក្លែម តែការទៅរកនោះ ក៏បាត់មុខឈឹង មិនឃើញត្រឡប់មកវិញ។ នៅពេលយប់នោះ ឈ្មោះ រិត សារីម ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ-ឃុំ ខាងលើ បានចេញដើរឆ្លុះកង្កែប ពេលដើរដល់ចំណុចខាងលើ ក៏បានប្រទះឃើញ ជនរងគ្រោះ ឈ្មោះ លឹម លឿន បានដួលផ្កាប់មុខ នៅនឹងទឹក ក្នុងស្រែរបស់ខ្លួន ស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះ ឈ្មោះ រិត សារីម ក៏បានមករាយការណ៍ អោយសមត្ថកិច្ចនគបាល ប៉ុស្តិ៍រដ្ឋបាលស្វាយរំពារ ទាំងយប់ ដើម្បីចុះទៅពិនិត្យមើល។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម អធិការនគរបាល ស្រុកកំពង់លែង បានចាត់តាំងកម្លាំងជំនាញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ ឈ្មោះ លឹម លឿន មិនមានភិនភាគ ឬស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ទេ គឺពិតជាបានស្រវឹងស្រា ហើយខ្យល់គស្លាប់ ពិតប្រាកដមែន និងបានប្រគល់សព ទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕