ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ ឯកសារនានាបានបង្ហាញកាលពីថ្ងៃពុធទី១១វិច្ឆិកាថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក អាល់បឺត បួឡាបានលក់ភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុនឱសថអាម៉េរិកបានចំនួន ៥,៦ លានដុល្លារអាម៉េរិកក្នុងថ្ងៃតែមួយដែលក្រុមហ៊ុនបានប្រកាសលទ្ធផលសម្រាប់បេក្ខជនវ៉ាក់សាំងកូវីដ១៩។
ទោះយ៉ាងណា ក្រុមហ៊ុនបាននិយាយថាការលក់នេះគឺជាផ្នែកមួយនៃផែនការលក់ហ៊ុនតាមពេលវេលាដែលបានរៀបចំទុកជាមុន នៅពេលណាដែលភាគហ៊ុនឡើងថ្លៃ។
យោងតាមការលាតត្រដាងជាមួយនិយតករទីផ្សារអាម៉េរិក SEC លោកបួឡាបានលក់ភាគហ៊ុនចំនួន ១៣២.៥០៨ សន្លឹកក្នុងតម្លៃ ៤១,៩៤ ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃចន្ទ។
អនុប្រធានប្រតិបត្តិនៅក្រុមហ៊ុន គឺលោក សាល់លី ស៊ូស្មាន់ ក៏បានលក់ភាគហ៊ុនបានប្រហែល ១,៨ លានដុល្លារឬ ៤៣.៦៦២ ហ៊ុនដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុន Pfizer បានកើនឡើងជាង ៧ ភាគរយ បន្ទាប់ពីឡើងដល់ ១៥ភាគរយកាលពីថ្ងៃចន្ទនៅពេលដែលក្រុមហ៊ុនផលិតឱសថនេះប្រកាសថាការសាកល្បងព្យាបាលបានបង្ហាញថាបេក្ខជនវ៉ាក់សាំងរបស់ខ្លួនដែលកំពុងអភិវឌ្ឍជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាព ៩០ ភាគរយ៕
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pfizer លោក អាល់បឺត បួឡា