ដោយ: ពៅនិមល / ភ្នំពេញ: លោក លឹម ហេង អនុសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទោះបីជាកម្ពុជាស្ថិតក្នុងស្ថានភាពប្រឈមនៃវិបត្តិកូវីដ១៩យ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែមានភាពល្អប្រសើរក្នុងការនាំចេញ ខណៈដែលប្រទេសមួយចំនួន និងសេដ្ឋកិច្ចសកលកំពុងរងនូវផលប៉ះពាល់។
មានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក លឹម ហេង បានបញ្ជាក់ទៀតថា ចំពោះដៃគូអន្តរជាតិក្នុងការធ្វើពាណិជកម្មជា សម្រាប់ការនាំចេញរបស់កម្ពុជាដែលស្ថិតក្នុងវិបត្តិកូវីដ១៩គ្រា ដែលសេដ្ឋកិច្ចសកលរងការប៉ះពាល់នេះ កម្ពុជាកំពុងមានមោទនភាពនៃការនាំចេញយ៉ាងខ្លាំង ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលក្នុងការលើកកម្ពស់ គាំទ្រ ជាពិសេសបានបង្ការនិងទប់ស្កាត់បានយ៉ាងល្អ ក្នុងនោះធ្វើឲ្យរោងចក្រ សហគ្រាសស្ទើរតែទាំងអស់ នៅដំណើរការដោយរលូនដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាមានកំណើនកើនឡើង។ ដោយឡែក ទាក់ទងការការនាំចូលវិញ លោកបានបញ្ជាក់ថា កម្ពុជាបានបង្ហាញនូវចំណុចអវិជ្ជមាន ក្នុងនោះជាទស្សនៈការនាំចូលច្រើន ហើយការនាំចេញតិចដែលបង្ហាញនូវភាពអសមតុល្យនៃជញ្ជីងពាណិជ្ជកម្ម ប៉ុន្តែសម្រាប់កម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះមានតម្រូវការច្រើននៃកានាំចូល ក្នុងនោះកត់សម្គាល់ឃើញថា ការនាំចូលរួមមានសម្ភារសំណង់ គ្រឿងអេឡិចត្រូនិច និងយានយន្តជាដើម បានធ្វើឲ្យមានការកើនឡើងជាគំហុក ប៉ុន្តែស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ការនាំចូលធ្លាក់ចុះដែលអាចធ្វើឲ្យមានប៉ះពាល់ដល់ខ្លះៗ។
សូមបញ្ជាក់ថា ការធ្វើពាណិជកម្មជាដៃគូអន្តរជាតិ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជាបូកបញ្ជូលទាំងការនាំចេញផលិតផល គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២០ មានទំហំទឹកប្រាក់សរុបប្រមាណជាង១៤.១ប៊ីលានដុល្លារ បានកើនឡើងជាង ២០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានិងឆ្នាំ២០១៩។ ចំណែកពាណិជ្ជកម្មនៃការនាំចូលវិញ ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ការនាំចូលមានតម្លៃប្រមាណ១៣.៦ប៊ីលានដុល្លារអាម៉េរិក ធៀបនឹងឆ្នាំ២០១៩ ថយចុះប្រមាណ៨.៧០ភាគរយ៕ ល/សរន