Home ព័ត៌មានជាតិ នយោបាយ ​លទ្ធផល​នៃ កិ...

​លទ្ធផល​នៃ កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្នុងនាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​មន្ត្រី​អាស៊ាន នៃ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) កិច្ចប្រជុំ​ក្រុមប្រឹក្សា សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​២២ (22nd APSC) និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា សម្របសម្រួល​អាស៊ាន លើក​ទី​២៨ (28th ACC)​តាម​ប្រព័ន្ធ​វីដេអូ មុនពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១២-១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា បានបង្ហាញ​លទ្ធផល​សំខាន់ៗ នៃ​កិច្ចប្រជុំ​ទាំងបី មាន​ដូចតទៅៈ​
​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​៖

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ពិភាក្សា អំពី​ការត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​បាន​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​ការវិវត្ត​សំខាន់ៗ ក្នុង​តំបន់ ទំនាក់ទំនង​អាស៊ាន ជាមួយ​ដៃគូ​ខាងក្រៅ ក៏ដូចជា បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ ដែលជា​ការព្រួយបារម្ភ​រួម​។

​កិច្ចប្រជុំ បាន​លើក​ពី​សារៈសំខាន់ នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង ថ្នាក់​តំបន់ ដើម្បី​សម្រេច​នូវ ការកសាង​សហគមន៍​អាស៊ាន ប្រកាន់ខ្ជាប់​នូវ ពហុភាគី​និយម និង​ម​ជ្ឈ​ភាព​អាស៊ាន ក្នុងពេលដែល​មានការ ប្រកួតប្រជែង ភូមិសាស្ត្រ​នយោបាយ និង​ការលើកកម្ពស់ សណ្តាប់ធ្នាប់ តំបន់​ផ្អែកលើ​ច្បាប់ ជាមួយ​និម្មាបនកម្ម​តំបន់ ដែលមាន​អាស៊ាន​ជា​ស្នូល​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ទាំងអស់ បានបង្ហាញ​នូវ​ទស្សនៈ​រួម​ថា ការចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​នឹង​ប្រព្រឹត្តទៅ ក្នុង​កិច្ចប្រជុំ​ដោយឡែក ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ គឺជា​សក្ខីភាព ដែល​អាស៊ាន បាន​ប្តេជ្ញាចិត្ត លើកកម្ពស់ ពហុភាគី​និយម និង​ស្មារតី​រួមគ្នា​។ ការឆ្លើយតប​របស់ អាស៊ាន​ចំពោះ​ជំងឺ​កូ​វីដ​-១៩ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ ពី​ការគាំទ្រ និង​ការប្តេជ្ញាចិត្ត សម្រាប់​គំនិត​ផ្តួ​ត​ផ្តើម​នានា ដែល​នេះ​បង្ហាញ​នូវ «​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​» របស់​អាស៊ាន នៅ​ចំពោះ​ភាពច្របូកច្របល់ បច្ចុប្បន្ន ដែល​បង្កឡើង ដោយ​វិបត្តិ​ជំងឺ​រាតត្បាត និង​វិបត្តិ​សេដ្ឋកិច្ច ក៏ដូចជា អាកាសធាតុ ពាក់ព័ន្ធ​នឹង​គ្រោះមហន្តរាយ ។​

​ចំពោះ​បញ្ហា​រដ្ឋ​រ៉ា​ខា​ញ រដ្ឋមន្ត្រី​ទាំងអស់ បាន​រំលឹក​ជាថ្មី​នូវ​សារៈសំខាន់ នៃ​ការពង្រឹង​តួនាទី របស់​អាស៊ាន ក្នុងការ​គាំទ្រ​មី​យ៉ាន់​ម៉ា តាមរយៈ​ជំនួយ​មនុស្សធម៌ ជាពិសេស​តាមរយៈ​មជ្ឈមណ្ឌល សម្របសម្រួល​អាស៊ាន សម្រាប់​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង គ្រោះមហន្តរាយ (AHA Centre) និង​លេខាធិការដ្ឋាន អាស៊ាន ក៏ដូចជា ការជំរុញ​មី​យ៉ាន់​ម៉ា ឱ្យ​បន្ត​កិច្ចចរចា ជាមួយ​បង់​ក្លា​ដែ​ស នៅក្នុង​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍ ដើម្បី​ធានា​ការតាំង​ទីលំនៅ​ថ្មី ប្រកបដោយ សុវត្ថិភាព និង​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​នៅ​រដ្ឋ​រ៉ា​ខា​ញ​។​

​កិច្ចប្រជុំ ក៏បាន​កត់សំគាល់ ពី​តួនាទី​សកម្ម​របស់ លេខាធិការដ្ឋាន​អាស៊ាន ក្នុងការ​លើកកម្ពស់ តួនាទី​របស់​អាស៊ាន ក្នុងការ​គាំទ្រ​មី​យ៉ាន់​ម៉ា​។​
​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រី​ទាំងអស់ បានបញ្ជាក់ នូវ​សារៈសំខាន់ នៃ​ការធានា និង​លើកកម្ពស់ សមុទ្រ​ចិន​ខាងត្បូង ជា​សមុទ្រ​សន្តិភាព ស្ថិរភាព និង​វិបុលភាព និង​បានបញ្ជាក់​សារជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់ អាស៊ាន ក្នុងការ​ធ្វើការ​ជាមួយ​ចិន ដើម្បី​ឆ្ពោះទៅរក​ការបញ្ចប់ ក្រម​ប្រតិបត្តិ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង (COC) ប្រកបដោយ​ប្រសិទ្ធិភាព​តាមរយៈ​វិធានការណ៍​ជា​ជំហានៗ (step-by-step approach)​។​

​កិច្ចប្រជុំ​ក្រុមប្រឹក្សា សហគមន៍​នយោបាយ -​សន្តិសុខ​អាស៊ាន (APSC) លើក​ទី ២២៖
​កិច្ចប្រជុំ បាន​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការមេ របស់​សហគមន៍ នយោបាយ -​សន្តិសុខ​អាស៊ាន ដែលជា​សសរស្តម្ភ​មួយ ក្នុងចំណោម​សសរស្តម្ភ​ទាំងបី ក្នុង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ២០២៥​។ ទោះបី​ជាមាន​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ចាប់តាំងពី​ដើមឆ្នាំ​ក៏ដោយ កិច្ចប្រជុំ បាន​កោតសរសើរ ពី​សន្ទុះ​នៃ​កិច្ចសហប្រតិបត្តិការ ក្រោម​សសរស្តម្ភ សហគមន៍​នយោបាយ -​សន្តិសុខ​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បានទទួល​ស្គាល់ អំពី​សារៈសំខាន់ នៃ​ការអនុវត្ត​សកម្មភាព ក្នុង​តំបន់​នានា ដើម្បី​ដោះស្រាយ សន្តិសុខ និង​បញ្ហា​ឆ្លងដែន ដែលជា​ការរួមចំណែក ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាព និង​ស្ថិរភាព នៅក្នុង​តំបន់​អាស៊ាន​។ រដ្ឋមន្ត្រី​ទាំងអស់ បាន​ទទួលយក​របាយ​ការណ៍ នៃ​ការត្រួតពិនិត្យ ពាក់កណ្តាល​អាណត្តិ នៃ​ផែនការមេ របស់​សហគមន៍ នយោបាយ​-​សន្តិសុខ​អាស៊ាន​ឆ្នាំ​២០២៥​។ កិច្ចប្រជុំ ក៏បាន​ឯកភាព​លើ​ភាពចាំបាច់ ដើម្បី​បន្ត​អនុវត្ត​សកម្មភាព​នានា ដែល​អាច​លើកកម្ពស​ទំនុកចិត្ត និង​ការទុកចិត្ត លើ​កិច្ចសហប្រតិបត្តិការ តាម​សមុទ្រ ដូចជា ក្នុង​ទម្រង់​សិក្ខាសាលា ស្តីពី​កម្ទេចកម្ទី នៅ​សមុទ្រ ហើយ​សិក្ខាសាលា ដែល​ទើបនឹង​ប្រព្រឹត្តទៅ ថ្មីៗ​នេះ ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុង​ការធានា​ភាពត្រឹមត្រូវ និង​មនុស្សធម៌ ដល់​អ្នកនេសាទ នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​នៅក្នុង​ឱកាស​នេះដែរ លោកស្រី អ៊ា​ត សោភា ក៏បាន​លើក​អំពី​សារៈសំខាន់ នៃ​តួនាទី​របស់​មជ្ឈមណ្ឌល តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ក្នុង​ទិដ្ឋភាព​សន្តិសុខ និង​មនុស្សធម៌​ក្នុង​តំបន់​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ របស់​មជ្ឈមណ្ឌល លោកស្រី បាន​ជម្រាប​អង្គប្រជុំ អំពី​ផែនការ​របស់​កម្ពុជា ក្នុងការ​រៀបចំ ការប្រមូលផ្តុំ​មិត្ត​របស់ ARMAC ដើម្បី​លើកស្ទួយ មជ្ឈមណ្ឌល និង​ជំរុញ​ការគាំទ្រ​បន្ថែម ដល់​មជ្ឈមណ្ឌល ក្នុង​បេសកកម្ម​របស់ខ្លួន ដើម្បី​ដោះស្រាយ​ទិដ្ឋភាព មនុស្សធម៌ នៃ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ERW) ក្នុង​តំបន់​និង​ក្រៅ​តំបន់​។​

 

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៨ ៖
​កិច្ចប្រជុំ ត្រូវបាន​រៀបចំឡើង ដើម្បី​ត្រៀម សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ លើ​កិច្ចខិតខំ​ប្រឹងប្រែង កសាង​សហគមន៍​អាស៊ាន រួមមាន ការពិនិត្យ​ឡើងវិញ នូវ​ការអនុវត្ត​ធម្មនុញ្ញ​អាស៊ាន ការពិនិត្យ ពាក់កណ្តាល​អាណត្តិ នៃ​ផែនការ​លម្អិត នៃ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ និង​ការវិវឌ្ឍ​នៃ​ចក្ខុវិស័យ សហគមន៍​អាស៊ាន ក្រោយ​ឆ្នាំ​២០២៥​ក៏ដូចជា គំនិត​ផ្តួចផ្តើម​ស្តីពី​ការឆ្លើយតប​អាស៊ាន​សម្រាប់​ជំងឺ​កូ​វី​-១៩​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏បាន​ឯកភាព​លើ​សារៈសំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​ស្គាល់ និង​ការយល់ដឹង អំពី​អាស៊ាន តាមរយៈ​ការបង្ហាញ​ទង់ជាតិ និង​ភ្លេង​របស់​អាស៊ាន នៅតាម​ស្ថាប័ន​រដ្ឋាភិបាល នៃ​ប្រទេស​សមាជិក​អាស៊ាន និង​ព្រឹត្តិការណ៍​នានា របស់​អាស៊ាន​។​

​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ស្វាគមន៍ ចំពោះ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) របស់​សាធារណរដ្ឋ​គុយបា សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង និង​សាធារណរដ្ឋ​កូ​ឡុំ​ប៊ី ហើយ​ពិធី​ចុះហត្ថលេខា តាម​ប្រព័ន្ធ​វីដេអូ នៃ​លិ​ខិ​តូ​បក​រណ៍ នៃ​ការបំពេញបន្ថែម និង​លិ​ខិ​តូ​បក​រណ៍ នៃ​ការចូល​ជា​ភាគី​នៃ TAC ក៏ត្រូវ​បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។ ការចូលរួម​នេះ បាន​ឆ្លុះបញ្ចាំង​ពី ចំណាប់អារម្មណ៍ កាន់តែខ្លាំង​ឡើង នៃ​បណ្តា​ប្រទេស នៅក្រៅ​តំបន់ ដើម្បី​ចូលរួម​ជាមួយ​អាស៊ាន ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​ការគោរព និង​អនុលោម​តាម គោលបំណង និង​គោលការណ៍​របស់ TAC ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...