ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ចូ បៃដិន បានទូរស័ព្ទទៅរកសម្ព័ន្ធមិត្តនៅទីក្រុងសេអ៊ូល ទីក្រុងស៊ីដនី និងទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍ទី១២វិច្ឆិកានេះដោយប្តេជ្ញាថានឹងជួសជុលភាពជាដៃគូដែលរងការខូចខាត និង បញ្ជាក់អះអាងជាថ្មីនូវកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ដែលត្រូវបានបោះចូលក្នុងភាពមន្ទិលសង្ស័យដោយសេតវិមានបច្ចុប្បន្ន។
មួយថ្ងៃបន្ទាប់ពីការតេតាមទូរស័ព្ទជាហូរហែរបស់លោកបៃដិន ជាមួយមេដឹកនាំអឺរ៉ុប ដែលគេហៅ “អាម៉េរិកត្រឡប់មកវិញហើយ”អតីតអនុប្រធានាធិបតីរូបនេះបាននិយាយទៅកាន់លោកស្កត់ ម័ររីសុនរបស់អូស្ត្រាលី លោកមូន ជែអ៊ីនរបស់កូរ៉េខាងត្បូង និងមេដឹកនាំជប៉ុនដែលទើបនឹងកាន់តំណែង លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា។
បុរសទាំងបីនាក់បានអបអរសាទររួចទៅហើយចំពោះលោកបៃដិនអំពីជ័យជម្នះក្នុងការបោះឆ្នោតនាពេលថ្មីៗនេះរបស់លោកលើលោកដូណាល់ត្រាំទោះបីជាលោកត្រាំបដិសេធមិនព្រមទទួលយកបរាជ័យក៏ដោយ។
ការតេរបស់លោកបៃដិនជាមួយលោកស៊ូហ្ការួមមានការព្រមានយ៉ាងខ្លាំងពីនាយករដ្ឋមន្ត្រីជប៉ុនថា “ស្ថានភាពសន្តិសុខគឺកាន់តែធ្ងន់ធ្ងរឡើង” នៅជុំវិញតំបន់ នេះបើយោងតាមកំណត់ហេតុនៃការតេទូរស័ព្ទពីក្រុមមន្ត្រីជប៉ុន។
យោងតាមក្រុមអ្នកបកប្រែរបស់លោកស៊ូហ្គាបានឱ្យដឹងថា ការវិភាគដោយត្រង់មិនធម្មតារបស់លោកស៊ូហ្កាគឺបានជួបគ្នាជាមួយក្តីបារម្ភរបស់លោកបៃដិនដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះការការពារប្រទេសជប៉ុននិងប្រកាន់ខ្ជាប់កាតព្វកិច្ចសន្ធិសញ្ញាដែលមានអាយុកាលរាប់ទសវត្សរ៍។
ក្នុងអំឡុងពេលពេល៤ឆ្នាំនៃរដ្ឋបាលត្រាំ សម្ព័ន្ធមិត្តក្នុងតំបន់របស់អាម៉េរិកតែងតែចោទជាសំណួរថាតើប្រធានាធិបតីនឹងរក្សាការសន្យាយូរអង្វែងដើម្បីការពារពួកគេក្នុងករណីមានការផ្ទុះអាវុធឬទេ។
នៅក្នុងចំណាត់ការមួយដែលទំនងជាបណ្តាលឱ្យមានការតវ៉ានៅទីក្រុងប៉េកាំង លោកបៃដិនបានបញ្ជាក់ពីការប្តេជ្ញាចិត្តការពាររហូតដល់ប្រជុំកោះសិនកាគុ ដែលជាប្រជុំកោះគ្មានមនុស្សរស់នៅ ដែលទាមទារដោយជប៉ុននិងចិន និងជាចំណុចអាចផ្ទុះជម្លោះប្រដាប់អាវុធរាប់ទសវត្សរ៍។
ដោយឡែកនៅក្នុងការតេរយៈពេល ១៤ នាទីជាមួយលោកមូន ជែអ៊ីន លោកបៃដិនបានពណ៌នាសម្ព័ន្ធមិត្តអាម៉េរិក-កូរ៉េខាងត្បូងថាជា “ក្រវាត់ការពារសន្តិសុខនិងវិបុលភាព” នៅក្នុងតំបន់ ហើយបានប្តេជ្ញាធ្វើការរួមគ្នាលើ “បញ្ហាប្រឈមរួមគ្នា” ដូចជាបញ្ហាកូរ៉េខាងជើង និង បម្រែបម្រួលអាកាសធាតុ។
លោកត្រាំបានគិតគូរពិចារណាជាសាធារណៈអំពីការដកកងទ័ពចេញពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង កន្លែងដែលបុគ្គលិកយោធាអាម៉េរិកជាង ២ម៉ឺននាក់កំពុងឈរជើងដើម្បីរារាំងរាល់សកម្មភាពយោធារបស់កូរ៉េខាងជើង។
វិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាលោកមូននិងលោកបៃដិនបានយល់ព្រមជួបគ្នាផ្ទាល់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបានបន្ទាប់ពីការស្បថឡើងកាន់តំណែងនៅអាម៉េរិក។
នៅក្នុងការតេរបស់លោកជាមួយមេដឹកនាំអូស្ត្រាលី លោកបៃដិនបានទទួលយកការអញ្ជើញឱ្យធ្វើទស្សនកិច្ចនៅឆ្នាំក្រោយសម្រាប់ខួបលើកទី ៧០ នៃសន្ធិសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរ។
តាមសេចក្តីរាយការណ៍លោកបៃដិនក៏បានកត់សម្គាល់ផងដែរពីសារៈសំខាន់នៃ “ការដោះស្រាយនឹងការប្រែប្រួលអាកាសធាតុ”ដែលរដ្ឋាភិបាលអភិរក្សរបស់អូស្ត្រាលីមានភាពយឺតយ៉ាវក្នុងការដោះស្រាយទោះបីជាបានចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសក៏ដោយ៕
លោកបៃដិនប្តេជ្ញាការពារសម្ព័ន្ធមិត្តអាស៊ីក្នុងការតេទូរស័ព្ទ