ដោយៈ ញ៉ែម សុផល/ភ្នំពេញ៖ ដោយក្តីអាណិតអាសូរ និងមើលឃើញពីការតស៊ូក្នុងជីវិត នៅរសៀលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខនិងលើកទឹកចិត្ត ព្រមទាំងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនកុមារចំនួន៣នាក់ ដែលរស់នៅក្នុងគ្រួសារក្រីក្រ បានចូលរួមប្រកួតកីឡាប្រណាំងកង់នៅទីលានទួលម៉ូតូហោះព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កុមារទាំង៣នាក់នោះរស់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ មានឈ្មោះ ៖ ១. ពេជ្រ ធារ៉ា អាយុ ១៣ឆ្នាំ, ២. សុវណ្ណ សាលី អាយុ ១៤ឆ្នាំ, ៣. ឈិន ភារម្យ អាយុ ៩ឆ្នាំ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទ ក្រហ មកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងកោតសរសើរចំពោះការតស៊ូរបស់កុមារទាំង ៣នាក់ខាងលើនេះដែលមានឆន្ទៈស្រ ឡាញ់កីឡាហើយហ៊ានចូលរួមប្រកួតដោយមិនមានកង់ថ្មីៗដូចកុមារដទៃឡើយ។
ជាមួយគ្នានេះ លោកស្រីបានពាំនាំនូវការលើកទឹកចិត្តពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កុមារទាំង៣នាក់ ដែលមានចិត្តស្រឡាញ់វិស័យកីឡា ដែលនេះអាចយកធ្វើជាគំរូដល់កុមារ និងយុវជនដទៃទៀត ប្រសើរជាងការប្រព្រឹត្តគ្រឿង ញៀន ល្បែងស៊ីសង ឬទង្វើ ទាំងឡាយណាដែលសង្គមស្អប់ខ្ពើម។ ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យក្មួយៗត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែដើម្បីអនាគតភ្លឺស្វាង ចំណែកឯអាណាព្យាបាលត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្ថែមទៀតដើម្បីជីវភាពគ្រួសាររុងរឿង។
កុមារទាំង៣នាក់ខាងលើនេះនិងក្រុមគ្រួសារបានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលើកទឹក ចិត្ត និងផ្តល់ការសន្តោសប្រណី ហើយពួកគេបានប្តេជ្ញាអនុវត្តតាមការទូន្មានរបស់មាតាមនុស្សធម៌ ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ធ្វេីជាកូនល្អសិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។
ដើម្បីជួយសម្រាលផ្នែកជីវភាពគ្រួសារ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់គ្រួសារកុមារនីមួយៗទទួលបាន ៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត, កញ្ចប់អាហារ១កញ្ចប់,កាបូបស្ពាយ ១ និងថវិកា ៥០០.០០០រៀល៕Ph