ដោយ:ភ្នំខៀវ/ប៉ៃលិនៈប្រជាកសិករ ប្រមូលផលដំឡូងមី មួយចំនួន នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ខំចិត្ត នាំគ្នាប្រមូលផលដំឡូងមី នៅតាមចម្ការ របស់ខ្លួន ទាំងមិនទាន់គ្រប់ខែពេញលេញដោយអះអាងថា បច្ចុប្បន្ន អាកាសធាតុប្រែប្រួលខ្លាំង ភ្លៀងធ្លាក់មិនទៀងទាត់ ខ្លាចភ្លៀងធ្លាក់ជោកជាំខ្លាំង នាំឲ្យរលួយមើមដំឡូង ខាតបង់ច្រើន ម្យ៉ាងទៀត ឲ្យទាន់ និងតម្លៃទីផ្សារដំឡូង មានហាងឆេងឡើងខ្ពស់ជាងមុនផង។ នេះជាការបញ្ជាក់ របស់កសិករមួយរូប។
កសិករខាងលើ បានរៀបរាប់ថា ឆ្នាំនេះ គាត់ដាំដុះដំឡូងមី បានចំនួន ២ ហិកតា ចាប់តាំងពីខែមីនាមក ដំឡូងរបស់គាត់ មានអាយុជិត ៨ ខែហើយ ខណៈដែលដំឡូងមីពេញអាយុ អាចប្រមូលផលបាន មានរយ:ពេល១ឆ្នាំ។ គាត់ក៏ដូចជាកសិករដទៃដោយសារតែពិនិត្យមើលស្ថានភាពទឹកភ្លៀងចំពោះមុខនេះបានបន្តធ្លាក់យ៉ាងជោគជាំស្ទើររាល់ថ្ងៃ ម្យ៉ាងទៀតដីចម្ការដំឡូងរបស់គាត់ស្ថិតត្រង់ទីទំនាបផងនោះទើបបង្ខំចិត្តដកដំឡូងលក់ឲ្យឈ្មួញក្នុងតម្លៃជាង២០០រៀលក្នុង១គីឡូក្រាម។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ប្រជាកសិករបង្កបង្កើនផលដំណាំកសិកម្មបានសរុបចំនួន ៦៩,២០៦ហិកតា ក្នុងនោះខូចខាតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងចំនួន ៣,៧៨៥ ហិកតា ។ ដោយឡែកចំពោះដំណាំដំឡូងមីកសិករអនុវត្តបានលើផ្ទៃដីចំនួន ៣៩,៧៤០ហិកតា ខូចខាតអស់ចំនួន ៣,១០៦ ហិកតា៕