ដោយៈ សុខុម / ស្ទឹងត្រែងៈ បុរសកាន់កាតកាសែតម្នាក់ ត្រូវបានកងរាជអាវុធហត្ថ ឃាត់ខ្លួន ក្នុងពេលចុះបង្ក្រាប រថយន្តតូយ៉ូតា កាមរី (ឆ្លាម) ដឹកជញ្ជូនឈើ នៅម៉ោងជាង ២ រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា រថយន្តតូយ៉ូតា កាមរី (ឆ្លាម) បានដឹកឈើប្រណីត ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងបំណងយកលក់ នៅស្រុកស្នួល ខេត្តក្រចេះ។ សមត្ថកិច្ច បានដេញស្ទាក់ តាំងពីចំណុចដុងក្រឡ រហូតដល់ត្រង់ ចំណុចមុខវត្តអូរព្រះ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទើបចាប់បាន។ នៅក្នុងពេលសមត្ថកិច្ច ចុះបង្ក្រាបនោះ ឈ្មួញឈើនេះ បានបើកប៉ះរថយន្ត សមត្ថកិច្ចអស់ ៣ គ្រឿងផង។
សមត្ថកិច្ច បានឲ្យដឹងទៀតថាៈ រថយន្តដឹកឈើ ដែលកម្លាំងអាវុធហត្ថ បង្ក្រាបបាន ជាប្រភេទរថយន្តតូយ៉ូតា កាមរី (ឆ្លាម) ព័ណ៌ស្លែ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2025 ។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ តាន សុភ័ក្ត្រ ជាជំនួយការនិពន្ធនាយក របស់អង្គភាពសារព័ត៌មានមួយ ក្នុងស្រុក ដែលឈរជើងយកព័ត៌មាន នៅក្នុងខេត្តក្រចេះ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យ រួមជាមួយរថយន្ត ដឹកឈើគ្រញូង ត្រូវបានបញ្ជូនមកកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ។ ដោយឡែក ឈើនៅក្នុងរថយន្តនោះ នៅមិនទាន់ដឹងពីចំនួន ពិតប្រាកដនៅឡើយទេ ។ ចំពោះវត្ថុតាងបទល្មើស ត្រូវបានប្រគល់ ទៅឲ្យមន្ត្រីព្រៃឈើ ខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕/V