Home ព័ត៌មានជាតិ នយោបាយ ប៉ិន ម៉ាច​៖ អ...

ប៉ិន ម៉ាច​៖ អន្លង់វែង​គឺជា​លំនៅឋាន​ចុងក្រោយ បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់​

​ដោយ​: មេក វិ​ន អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ប៉ិន ម៉ាច អាយុ​៦១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ព្រែក​តាអាំ ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​របស់ខ្លួន និង​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ​មកកាន់​តំបន់​អន្លង់វែង​ថា នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​បាន​បែក​ចេញពី​ឪពុកម្ដាយ ហើយ​បាន​សម្រេចចិត្ត​ចូល​បម្រើ​ការងារ​ជា​កងចល័ត​របស់​ខ្មែរក្រហម​នៅក្នុង​ស្រុក​ក្រចេះ​។ នៅ​ទីនោះ ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​ខ្ញុំ​ដេញចាប​នៅក្នុង​វាលស្រែ​រហូតដល់​ឆ្នាំ​១៩៧៩​។

 ប៉ិន ម៉ាច នៅផ្ទះរបស់គាត់ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ខ្ញុំ​តែងតែ​ក្រោក​ពី​ព្រលឹម​ដើម្បី​ទៅ​ដេញចាប​រហូតដល់​ម៉ោង​១១​ព្រឹក ទើប​ខ្ញុំ​ទទួល​អាហារ​ថ្ងៃត្រង់​។​ការហូបចុក​របស់ ខ្ញុំ​មិនសូវ​ពិបាក​ទេពី​ព្រោះ​ប្រធាន​សហករណ៍​គឺជា​បងប្អូន​របស់ខ្ញុំ​។​ខ្ញុំ​ចាំបាន​ថា​ថ្ងៃមួយ​សហករណ៍​អនុញ្ញាត​ឲ្យ​ខ្ញុំ​ហូបបាយ​លាយ​ជាមួយ​ល្ពៅ​ប៉ុន្តែ​មិត្ត​នៅក្នុង​ក្រុម​គ្មាន​ន​ណា​ម្នាក់​ហ៊ាន​ប្រកែក​តវ៉ា​ឡើយ​។​បន្ទាប់ពី​ហូបបាយ​រួច​ខ្ញុំ​ត្រូវ​ស្លៀកពាក់​ទៅ​រៀន​ដោយ​ត្រូវ​ប្ដូរ​វេន​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​ចាំ​ដេញចាប​។
​លុះដល់​ឆ្នាំ​១៩៧៩ កងទ័ព​វៀតណាម បាន​វាយប្រហារ​ចូលមកក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ​នៅពេលនោះ​ខ្ញុំ​ក៏បាន​ធ្វើ ដំណើរ​ចាក​ចេញពី​ភូមិកំណើត​ជាមួយ​ប្រជាជន​ជាច្រើន​នាក់​ផ្សេងទៀត ឆ្ពោះទៅ ភាគ​ខាងលិច​ដោយ​ត្រូវ​ឆ្លងកាត់​ទន្លេ​។ បន្ទាប់មក​ខ្ញុំ​បានធ្វើ​ដំណើរ​បន្តទៅ​កាន់​ព្រៃ​មួយ​ក្នុង​ខេត្តកំពង់ធំ​។ យើង​បានធ្វើ​ដំណើរ​អស់​រយៈពេល​១​ឆ្នាំ ដោយ​ឆ្លងកាត់​ភ្នំ​ជាច្រើន​ទម្រាំ​ទៅដល់​ទីនោះ​។ យើង​បាន​បន្ត​រស់នៅ​ក្នុងព្រៃ​ដោយ​គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ ជា​រៀងរាល់ថ្ងៃ យើង​តែងតែ​ដើរ​ជីក​ដំឡូង​ព្រៃ​ដើម្បី​បរិភោគ​។​

ពេលខ្លះ​ក្រុម​របស់ខ្ញុំ​បាននាំគ្នា​ចាំ​ស្ទាក់​អ្នកភូមិ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ដើម្បី​សុំ​ស្រូវ អង្ករ​ទុក​បរិភោគ​នៅក្នុង​ក្រុម​។ អ្នកភូមិ​បាន​រក​អង្ករ​មក​ឲ្យ​ក្រុម​របស់ខ្ញុំ ហើយ​ក្រុម​របស់ខ្ញុំ​បាន​ឲ្យ​មាស​ទៅ​គាត់​វិញ​។ ខ្ញុំ​នៅចាំ​បាន​ថា​ខ្ញុំ​មាន​មាស​ប្រាំ​ជី នៅជាប់​ខ្លួន​។​ខ្ញុំ​បាន​យកទៅ​ដូរ​អង្ករ​មក​ហូប​ទាំងអស់គ្នា​ដើម្បី​ឲ្យ​រួច​ពី​ការ​ដាច់ពោះ​ស្លាប់​។​នៅពេលដែល​កងទ័ព​វៀតណាម​វាយប្រហារ​ម្តងៗ ខ្ញុំ​តែងតែ​ស្ពាយ​អង្ករ និង​ឆ្នាំងបាយ​តាម​ខ្លួន​។ ជីវិត​រស់នៅ​ក្នុងព្រៃរ​បស់​ខ្ញុំ​ជួប​ការលំបាក​វេទនា​ខ្លាំងណាស់ បើ​ប្រៀបធៀប​ទៅនឹង​ជីវិត​រស់នៅ​ជា​កងចល័ត​នៅក្នុង​ខេត្តក្រចេះ ។​

 ចម្ការបន្លែរបស់ ប៉ិច ម៉ាច នៅខាងក្រោយផ្ទះ។(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ចុងឆ្នាំ​១៩៧៩​តា​ម៉ុក​បាន​ចាត់​កងកម្លាំង​ឲ្យ​មក​ទទួល​ប្រជាជន​ដែល​រស់នៅ​ក្នុងព្រៃ​ស្ថិតនៅ​ខេត្តកំពង់ធំ​ទាំងអស់​យកទៅ​នៅលើ​ភ្នំ​ដងរែក​។ កងកម្លាំង តា​ម៉ុក បាន​ឃោសនា​ថា ពុក ម៉ែ បង ប្អូន​និង​ប្រជាជន​ទាំងអស់​ទៅ​រស់​នៅលើ​ភ្នំ​ដងរែក ទើប​មាន​សុ​វត្តិភាព​និង​បាន​រួច​ផុតពី​ការយាយី​របស់​កងទ័ព​វៀតណាម​។​ខ្ញុំ​និង​ប្រជាជន​ជាច្រើន​នាក់​ផ្សេងទៀត​ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​តាម​កងកម្លាំង​របស់ តា​ម៉ុក ដែល​នាំ​ផ្លូវ​។ ការធ្វើដំណើរ​របស់ខ្ញុំ​បាន​ចំណាយពេល​អស់​ជាច្រើន​ខែ​ទើប​ទៅដល់​តំបន់ភ្នំ​ដងរែក​។ នៅតាម​ផ្លូវ​ក្រុម​របស់ខ្ញុំ​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ជាមួយ​កងទ័ព​វៀតណាម​ដែល​ចាំ​វាយប្រហារ​មកលើ​កងក​ម្លាំ​ងរ​បស់ តា​ម៉ុក និង​ប្រជាជន​រួម​ដំណើរ​។ អ្នករួមដំណើរ​ទាំងអស់​ក៏ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​មីន​បង្កប់ ហើយ​ពេល​ដំណើរ​ត្រូវ​ដើរ​ជា​ជួរ​គឺ ស្រីៗ​ត្រូវ​ដើរ​កណ្ដាល ចំណែកឯ​ប្រុសៗ​ត្រូវ​ដើរ​នៅខាងមុខ និង​ខាងក្រោយ​។ ដោយសារតែ​ការធ្វើដំណើរ​ចេញពី​ទឹកដី​ខេត្តកំពង់ធំ ឆ្ពោះទៅកាន់​ភ្នំ​ដងរែក​ត្រូវ​ប្រើ​រយៈពេល យូ​ខែ និង​មិនមាន​ស្បៀងអាហារ​ហូបចុក​គ្រប់គ្រាន់ ដូច្នេះ​កងកម្លាំង​របស់ តា​ម៉ុក ដែល​ប្រចាំការ​នៅលើ​ភ្នំ បាន​យក​អង្ករ មី ត្រីខកំប៉ុង ទឹកដោះគោ នំ អង្រឹង ខោអាវ មក​ចែក​ឲ្យ​យើង​ហូប និង​ស្លៀកពាក់​។ ប៉ុន្តែ​ក៏មាន​ប្រជាជន​ខ្លះ​បាន​ស្លាប់​ដោយសារ​ភាព​ហេវ​ហត់ មុនពេល​ស្បៀងអាហារ​ទាំងនោះ​មកដល់​។ មាន​ប្រជាជន​ខ្លះ​ដោយសារ​ស្រេកឃ្លាន​ខ្លាំងពេក បាន​ហែក​មី​ហូប​អស់​ជាច្រើន​កញ្ចប់​ដោយ​មិនបាន​ចម្អិន រហូតដល់​ហើមពោះ ហើយ​មួយចំនួន​បាន​ដេកស្លាប់​នៅក្នុង​អង្រឹង​។
​ខ្ញុំ​រួមទាំង​ប្រជាជន​មួយចំនួនទៀត​ដែល​នៅ​សេសសល់ បាន​បន្តដំណើរ​ដោយ​ឆ្លងកាត់​ភ្នំ​ជាច្រើន និង​បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ​ទៀត​ទើប​មកដល់​ទន្លេ​ល្ពៅ ឬ​ច្រក ១០០១ ដែល​ស្ថិតក្នុង​ខេត្តព្រះវិហារ ។ ខ្ញុំ​រស់នៅ​តំបន់​ទន្លេ​ល្ពៅ ស្ថិតនៅក្រោម​ការ​គ្រប់​គ្រង់​របស់ សុន សេន និង ខៀវ សំផន​។ បន្ទាប់ពី​បានធ្វើ​ដំណើរ​មកដល់​ភ្នំ​១០០១ បាន​រយៈពេល​៣​ខែ ខ្ញុំ​បាន​ចូលធ្វើការ​នៅ​កង​នារី​ដឹកជញ្ជូន​។ ការងារ​របស់ខ្ញុំ​នៅ​ទីនោះ គឺ​ជញ្ជូន​អង្ករ​ក្នុង​ម្នាក់​៣០​គីឡូ និង​ជញ្ជូន​គ្រាប់ ដេ​កា​៨២, ៦០, ៨០ និង​គ្រាប់​១២០​មី​លី​ម៉ែត្រ​ទៅ​ឲ្យ​យោធា​ខ្មែរក្រហម​នៅ​លេណដ្ឋាន​នៅ​ខាងលើ​ភ្នំ និង​នៅ​ខាងក្រោម​ភ្នំ​។ ពេលនោះ​ក្រុម​របស់ខ្ញុំ​បានទទួល​សាច់ និង ត្រីងៀត យកមក​ហូប​។ ក្នុង​មួយឆ្នាំ​ម្តង​ខ្ញុំ​បាន​បើក​សារុង​មួយ អង្រឹង​មួយ មុង​មួយ និង​ក្រណាត់​៤​ម៉ែត្រ​សម្រាប់​កាត់​ខោអាវ​ពី​អង្គភាព​ដឹកជញ្ជូន​។​

ចម្ការបន្លែរបស់ ប៉ិច ម៉ាច នៅខាងក្រោយផ្ទះ។(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅក្នុង​ឆ្នាំ​១៩៨១ ខ្ញុំ​បាន​រៀប​ជាមួយ​ប្តី​ដែល​ធ្វើជា​យោធា​ខ្មែរក្រហម ហើយ​មួយឆ្នាំ​ក្រោយមក​យើង​មានកូន​ម្នាក់​។ ខ្ញុំ​និង​គ្រួ​សារបាន​បន្ត​រស់​នៅលើ​ទឹកដី​ទន្លេ​ល្ពៅ​។ ក្រោយមក​ដោយសារ​មានការ​វាយប្រហារ​ពី​កងទ័ព​វៀតណាម​ខ្លាំង​នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ទន្លេ​ល្ពៅ មក​រស់នៅ​ក្នុងភូមិ​ដងទង់ ស្ថិតនៅក្នុង​ទឹកដី​ថៃ​វិញ​។ នៅក្នុង​ឆ្នាំ​១៩៨៧ ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ជំរុំ​អូ​ត្រាវ ឬ ច្រក​១០០៣ ដោយ​ពេលនោះ​ប្រជាជន​បានរស់នៅ​ជា​ក្រុម ក្រោម​ការគ្រប់គ្រង​រប​ស់ តា​ម៉ុក​។ នៅក្នុង​ឆ្នាំ​១៩៨៩ ប្រជាជន​នៅក្នុង​ជំរំ​អូរ​ត្រាវ​បានធ្វើ​មាតុភូមិនិវត្តន៍​ចុះមក​រស់នៅ​ខាងក្រោម​ភ្នំ​វិញ​។ ខ្ញុំ​ជាមួយ​មិត្ត​ភ​ក្កិ​ខ្ញុំ​ម្នាក់ទៀត ដែលមាន​កូនតូចៗ​និង​ប្ដី​ពិការ​ជើង បាន​ចុះមក​រស់នៅ​ខាងក្រោម​ភ្នំ​ដែរ​។ ខ្ញុំ​បាន​បិទស្រា និង​ដាំ​បន្លែ ដើម្បី​យកទៅលក់​នៅ​ផ្សារ​អន្លង់វែង​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ ខ្ញុំ​បានធ្វើ​ដំណើរ​ឆ្លងកាត់​បឹង​អូរ​ជីក​ដែល​មានទឹក​ហូរ​គួច​ត្របាញ់ ដោយសារ តា​ម៉ុក មិនទាន់​សង់​ទំនប់​នៅឡើយ​។ នៅ​ចន្លោះ​ឆ្នាំ​១៩៩១ ដល់ ឆ្នាំ​១៩៩២ ប្រជាជន​ចាប់ផ្ដើម​កាប់ឆ្ការ​ព្រៃ ដើម្បី​រាន​ដី​ធ្វើស្រែ​ចម្ការ និង​ដាំ​ដំណាំ​ហូប​រៀងៗ​ខ្លួន ។
​ប្រជាជន​ភាគច្រើន​ដែល​បាន​ភៀសខ្លួន​មក​នៅ​សហគមន៍​អន្លង់វែង​តែងតែបាន​ផ្សាភ្ជាប់​ជីវិត​រស់នៅ​របស់ខ្លួន​ទៅនឹង​សហគមន៍​នេះ​ក្នុងសម័យ​សង្គ្រាម និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​៕​សរន​

រោងសម្រាប់ចិញ្ចឹមសត្វរបស់ ប៉ិច ម៉ាច។(មេក វិន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...