ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ បណ្តាញសារព័ត៌មានអាម៉េរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១២វិច្ឆិកាថា លោក ខូរ៉េ ឡេវ៉ាន់ដូវស្គីជាទីប្រឹក្សាជាន់ខ្ពស់នៃយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ដើម្បីជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនោះ បានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា។
លោកឡេវ៉ាន់ដូវស្គី អាយុ ៤៧ ឆ្នាំគឺជាសមាជិកចុងក្រោយនៃរង្វង់ផ្ទៃក្នុងរបស់លោកត្រាំ ដែលឆ្លងកូវីដ១៩។
កាសែតញូវយ៉កថែមស៍បាននិយាយថាលោកឡេវ៉ាន់ដូវស្គីជាមនុស្សម្នាក់ក្នុងចំណោមមនុស្សយ៉ាងតិច ៥ នាក់ដែលបានធ្វើតេស្តឃើញកូវីដ១៩ បន្ទាប់ពីបានចូលរួមរាត្រីបោះឆ្នោតថ្ងៃទី ៣ខែវិច្ឆិកានៅឯសេតវិមាន។
អ្នកផ្សេងទៀតគឺរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុងលោក បិន ខាសុន នាយអគ្គសេនាធិការរបស់លោកត្រាំ គឺលោក ម៉ាក មីដូវ ទីប្រឹក្សាលោកដេវីដ បូសស៊ីនិងនាយកផ្នែកនយោបាយនៃសេតវិមានលោក ប្រាយអែន ជែក។
ទោះយ៉ាងណា លោកឡេវ៉ាន់ដូវស្គីបានប្រាប់ទូរទស្សន៍ CNN ថាលោកប្រហែលជាឆ្លងវីរុសនេះនៅឯទីក្រុងហ្វីឡាដែលហ្វៀកន្លែងដែលលោកកំពុងជំរុញបណ្តឹងផ្លូវច្បាប់ជំទាស់នឹងជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន នៅក្នុងរដ្ឋនេះ។
សហរដ្ឋអាម៉េរិកមានអ្នកស្លាប់ជាង ២៤២.០០០ នាក់ដោយសារកូវីដ១៩ ហើយមនុស្សជាង ១០,៤ លាននាក់បានឆ្លងជំងឺនេះ៕
លោក ខូរ៉េ ឡេវ៉ាន់ដូវស្គី ឆ្លងកូវីដ១៩