ដោយៈសរិទ្ធភ្នំពេញៈ ក្មេងៗមួយក្រុមមានគ្នាប្រមាណជា១០នាក់បានជិះម៉ូតូកង់បីខ្មែរមួយគ្រឿង ហើយសង្ស័យមិនទាន់ដល់គោលដៅផងម្ចាស់រ៉ឺម៉កទារលុយមុនធ្វើឱ្យពួកគេខឹងក៏លោតចុះចេញពីរ៉ឺម៉ករួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាល។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់រ៉ឺម៉កកង់បីបានរៀបរាប់ថា មុនកើតហេតុគាត់បានដឹកក្មេងៗចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន។
ខណៈនោះស្រាប់តែក្រុមក្មេងទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ភ្លាមនោះគាត់ឃើញដូច្នោះក៏បានស្រែកឆោឡោ ស្រាប់តែក្មេងទាំងនោះបានយកដុំថ្មមកគប់ចំក្បាលបណ្ដាលឲ្យបែកក្បាល ហើយបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុជនរងគ្រោះបានឲ្យមិត្តភក្តិជួយអូសរ៉ឺម៉កកង់បីទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តាមក្រោយ៕