ដោយៈមុនីរ័ត្ន/ភ្នំពេញៈខណៈដែលអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែតុលាលើកទិសដៅការងារប្រចាំខែវិច្ឆិកា បានបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែកនិងជំនាញត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសជនប្រឌិតព័ត៌មានក្លែងក្លាយបំផុសបំផុលឱ្យចលាចលសង្គមជុំវិញការឆ្លងរាលដាលជំងឺកូវីដ១៩ដល់សហគមន៍និងការប្រឌិតព័ត៌មានថារាជរដ្ឋាភិបាលកម្ពុជាបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរណាមួយរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ ក្រោយព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
យុទ្ធនាការចែកម៉ាសជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានធ្វើឡើងពេញមួយថ្ងៃនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវសំខាន់នានានៅក្នុងខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ ក្រោមការដឹកនាំចែកផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកលោកស្រីស្នងការរងដែលទទួលកិច្ចការងារពង្រឹងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
លោកឧត្តមសេនីយ៍ឯក ស ថេត បានប្រាប់ឱ្យដឹងថា ការចែកម៉ាសនេះក្រោមការអនុវត្តតាមការណែនាំផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង គឺក្នុងគោលបំណងពង្រឹងស្មារតីឱ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកដោយប្រុងប្រយ័ត្នខ្ពស់បំផុត នាំគ្នាអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបង្ការទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ១៩ ចូលដល់សហគមន៍។
លោកស្នងការក៏បានលើកឡើងទៀតថា ម៉ាសចំនួន២លានម៉ាសត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីឧបត្ថម្ភមករដ្ឋបាលរាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញក៏បានឧបត្ថម្ភ២ម៉ឺនម៉ាសជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់កម្លាំងនគរបាលរាជធានីភ្នំពេញចុះធ្វើសកម្មភាពយកម៉ាសទាំងនេះចែកជូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដោយក្នុង០១នាក់ទទួលបានម៉ាស២ហើយម៉ាសនេះគឺប្រជាពលរដ្ឋអាចប្រើប្រាស់រួចអាចបោកគក់នឹងសាប៊ូហើយយកទៅប្រើប្រាស់បានជាបន្តបន្ទាប់ទៀត។
នៅក្នុងឱកាសចែកម៉ាសប្រជាពលរដ្ឋក៏បានលើកឡើងសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋចែកម៉ាស និងក្រើនរំលឹកឱ្យចូលរួមការពារទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីត១៩ ដែលជំងឺនេះជាកាចសាហាវឆ្លងពីមនុស្សម្នាក់ទៅម្នាក់យ៉ាងឆាប់រហ័សកំពុងរាតត្បាតលើពិពភលោកនិងបានកើតមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថាជុំវិញបញ្ហាជំងឺឆ្លងកូវីដ១៩ បើយោងតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងន្រៃសួងសុខាភិបាលឱ្យដឹងថាសម្រាប់នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាពុំបានរកឃើញករណីជំងឺកូវីដ១៩ថ្មីនោះទេ៕