ប្រែសម្រួលៈវាសនា/ហុងកុង៖ ពួកសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងបានចាប់ផ្តើមលាឈប់កាលពីថ្ងៃព្រហស្បតិ៍ដើម្បីប្រឆាំងតវ៉ានឹងការដែលអាជ្ញាធរហុងកុងក្រោមការអនុញ្ញាតពីរដ្ឋាភិបាលក្រុងប៉េកាំងបានបណ្តេញសហសេវិករបស់គេ៤នាក់។
សមាជិកសភាសេសសល់១៥នាក់នៃប្លុកគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងបាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងលាឈប់ទាំងអស់គ្នាបន្ទាប់ពីរដ្ឋាភិបាលចិនអនុម័តសេចក្តីសំរេចចិត្តមួយនៅសប្តាហ៍នេះ ដែលនាំដល់ការដកសមាជិកសភា៤រូប។
ពួកគេទាំង៤ឥឡូវអំពាវនាវអោយរដ្ឋាភិបាលបរទេសដាក់ទណ្ឌកម្មចិននិងហុងកុង ចំពោះការបង្ក្រាបលើជនប្រឆាំងនៅក្នុងដែនដីនេះ។តែគណបក្សកុំម្មុយនីស្តចិនបានចោទប្រកាន់ពួកគេថា បានរំលោភសម្បថចូលកាន់មុខតំណែងរបស់ពួកគេ។
សមាជិកសភាប្រឆាំងភាគច្រើនក្នុងចំណោម១៥រូប មិនបានមកចូលរួមសម័យប្រជុំសភាកាលពីថ្ងៃព្រហស្បតិ៍ទេ និងក្រោយមកពួកគេខ្លះបានដាក់ពាក្យសុំលាឈប់។
ការិយាល័យកិច្ចការហុងកុងនិងម៉ាកាវរបស់ចិន បានហៅការលាឈប់នេះថាជា«ការប្រឆាំងចំហ»ចំពោះអាជ្ញាធរនៃរដ្ឋាភិបាលកណ្តាលនិងច្បាប់គោល គឺរដ្ឋធម្មនុញ្ញហុងកុង។វាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «បើពួកសមាជិកសភាទាំងនេះសង្ឃឹមប្រើការលាឈប់របស់គេដើម្បីបង្ហាញការជំទាស់និងស្នើសុំអន្តរាគន៍បរទេស ពួកគេគិតខុសហើយ»។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនប៊ីន បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងសំរាប់រដ្ឋាភិបាលហុងកុងនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមការសំរេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សកុំម្មុយនីស្តចិន ដោយលោកបាននិយាយថា «គ្មានប្រទេសណាមួយបិទភ្នែកអោយមន្ត្រីសាធារណៈ រួមទាំងសមាជិកសភា ប្រព្រឹត្តអំពើក្បត់ជាតិទេ»។
ទោះជាយ៉ាងណា អង់គ្លេស អាម៉េរិក អូស្ត្រាលី និងសហភាពអឺរ៉ុប បានថ្កោលទោសចំណាត់ការរបស់ចិននេះ៕
ពួកសមាជិកសភាប្រឆាំងបក់ដៃក្រោយដាក់ពាក្យលាឈប់នៅហុងកុងកាលពីថ្ង១២វិច្ឆិកា និងសភាហុងកុងបើកកិច្ចប្រជុំដោយគ្មានប្លុកប្រឆាំងចូលរួម