ដោយៈ ប​.​ខុន/ភ្នំពេញៈ ធាតុអាកាស​ត្រជាក់ នឹង​គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា អំឡុង​ពី ថ្ងៃទី​១៥ ដល់ ១៧ ខែវិច្ឆិកា បន្ទាប់ពី​ព្យុះ​វ៉ា​ម​កូ ( VAMCO ) ឡើងគោក ហើយ​ថមថយ​ឥទ្ធិពល នៅលើ​ឆ្នេរ​ភាគ​កណ្តាល នៃ​ប្រទេស​វៀតណាម នា​យប់​ថ្ងៃទី​១៤ ឈានចូល​ថ្ងៃទី​១៥ ខែវិច្ឆិកា ។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ព្យុះ​វ៉ា​ម​កូ ពេលនេះ រំកិល​កាន់តែ​មក​កៀក នឹង​ឆ្នេរ លើ​ខេត្ត​ដា​ណា​ង ភាគ​កណ្តាល ប្រទេស​វៀតណាម ក្នុង កម្រិត​ជា sTS ហើយ​ថម ថយឥទ្ធិពល ពេលមកដល់ នៅលើ​ឆ្នេរ​នេះ ។ ព្យុះ​នេះ មាន​ឥទ្ធិពល ទឹកភ្លៀង​តិចតួច ដល់​តំបន់​ខ្ពង់រាប ភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៤ ឬ ១៥ ខែវិច្ឆិកា​។​

​នៅពេល​បន្ទាប់ពី​ព្យុះ​នេះ រលាយ លោក ចាន់ យុ​ត្ថា បានបញ្ជាក់​ថាៈ ទ្រនង់​សម្ពាធ​ខ្ពស់ ដែល​ស្ថិតនៅលើ​ភាគខាងត្បូង ប្រទេស​ចិន នឹង​រុញ​ចុះមក​ខ្លាំង ជាមួយនឹង​ធាតុអាកាស​ត្រជាក់ បាន​ពីរ បី​ថ្ងៃ តែ​មិនមែនជា​របប​ខ្យល់មូសុង ឦសាន​នោះទេ​។ ខ្យល់មូសុង​ឦសាន​នឹង​មក ដល់​នៅ​ចុងខែ​វិច្ឆិកា បន្ទាប់ពី​ភ្លៀង​រដូវវស្សា នឹង​អស់ នៅក្នុង​សប្តាហ៍​ទី​៣ នៃ​ខែវិច្ឆិកា​នេះ​៕/V / PC

ព្យុះ​រំកិល​មកកាន់​តែ​កៀក ឆ្នេរ​ភាគ​កណ្តាល ប្រទេស​វៀតណាម (​ផ្កាយរណប​អាកាសធាតុ​)​