ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឱ្យកម្លាំងនគរបាលគ្រប់ផ្នែក និងជំនាញត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសជនប្រឌិតព័ត៌មានក្លែងក្លាយបំផុសបំផុលឱ្យចលាចលសង្គមជុំវិញការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សហគមន៍ និងការប្រឌិតព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជាបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរណាមួយរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ ក្រោយព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ។
រូបៈអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត(រូបថតឯកសារ)
លោកឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះថា សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនអ្នកណាក៏ដោយឲ្យតែបំផុសនូវភាពចលាចលនៅក្នុងសង្គម ដើម្បីយកមកអនុវត្តតាមច្បាប់។ លោកឧត្តមសេនីយ៍ឯក ស ថេត បន្តថា ចំពោះការបំផុសព័ត៍មានមិនពិតដែលធ្វើឲ្យចលាចលសង្គម គឺលោកតែងតែអំពាវនាវកុំឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបំផុសព័ត៍មានមិនពិត ក៏ប៉ុន្តែមានមួយចំនួនមានចេតនា តែបើសិនជាអ្នកដែលលេងបណ្តាញសង្គមហ្វេសប៊ុកលេងទៅដោយអចេតនា គឺមិនមានបញ្ហាអ្វីទេ តែមានមួយចំនួនមានចេតនាបើទោះបីជាសមត្ថកិច្ចអំពាវនាវជាច្រើនលើកច្រើនសារក៏នៅតែបំផុសព័ត៍មានមិនពិតឲ្យចលាចលសង្គម ។ ហើយក្រុមមួយចំនួនដែលឃើញបរិកាសសង្គមកម្ពុជាល្អ បែរជាមួលបង្កាច់ឲ្យទៅជាខ្មៅងងឹតធ្វើឲ្យអ្នកដែលមិនបាននៅក្នុងស្រុក ក៏ដូចជានៅទីជនបទមានការយល់ច្រឡំ។
លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋកុំជឿទៅតាមការបំផុសបំផុលបំពុលបរិយាកាសនៅក្នុងសង្គម សូមជឿមកលើវិធានការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងធ្វើឲ្យសភាពការណ៍បានល្អ ដូច្នេះត្រូវជឿជាក់ទៅលើចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល កុំជឿតាមមនុស្សមួយក្តាបតូចដែលតែងតែបំផុសព័ត៍មានមិនពិតដែលជាសកម្មភាពមួយដែលអាចនឹងមានបទល្មើស។
សូមជម្រាបថា បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី ៣ វិច្ឆិកា មានក្រុមឆ្លៀតឱកាសមួយក្តាប់តូច និងក្រុមឧទ្ទាមក្រុមច្បាប់បានបំផុសព័ត៍មានមិនពិតពាក់ព័ន្ធការឆ្លងវីរុសកូវីដ១៩ ក៏ដូចជាការបំផុសថា រាជរដ្ឋាភិបាលកម្ពុជាបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរណាមួយរបស់ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយ ធ្វើឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកក្រុមដែលបំពុលសង្គមដើម្បីយកមកអនុវត្តតាមច្បាប់៕សរន