ប្រែសម្រួលៈវាសនា/ប៉េកាំង៖ នៅសប្តាហ៍នេះ អ្នកការទូតកំពូលអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីលើមន្ត្រីចិន៤រូប ដោយសារចោទប្រកាន់ពួកគេថា «បំផ្លាញស្វ័យភាពហុងកុង» និងបាននិយាយថា រដ្ឋាភិបាលត្រាំនៅមិនទាន់បញ្ចប់ការដាក់សម្ពាធលើ«បិសាចម៉ាក្ស-ឡេនីន»ចិននៅឡើយទេ។
កាសែតGlobal Timesដែលជាសាខានៃកាសែតបក្សកុំម្មុយនីស្តចិនPeople’s Daily បានធ្វើការវាយប្រហារលើរដ្ឋមន្ត្រីការបរទេសរូបនេះជាបន្តបន្ទាប់ ចំពោះកិច្ចខិតខំចុងក្រោយរបស់លោកដើម្បីវាយប្រហារបង្ខូចឈ្មោះចិន។
ការវាយប្រហារនេះកើតឡើងក្រោយពីលោកម៉ៃ ផមផេវ កាលពីថ្ងៃអង្គារបាននិយាយនៅមជ្ឈមណ្ឌលសំរាប់សេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅក្រុងវ៉ាស៊ីនតោនថា របបដឹកនាំនៅក្រុងប៉េកាំងដឹកនាំរបៀប«ផ្តាច់ការ ឃោរឃៅ និងប្រឆាំងនឹងសេចក្តីថ្លៃថ្នូនិងសេរីភាពរបស់មនុស្ស»។
ដោយអះអាងថាលោកបានប្រាប់ទៅសមភាគីចិនថា ពួកគេត្រូវប្រព្រឹត្តតាមរបៀបគណនេយ្យភាពនិងតម្លាភាពដើម្បីធ្វើអោយទំនាក់ទំនងល្អប្រសើរឡើងវិញ លោកផមផេវ បាននិយាយថា «វាមានន័យថាឈប់អះអាងកម្មសិទ្ធិដោយខុសច្បាប់នៅសមុទ្រចិនខាងត្បូង លែងមានការបង្ខំគំរាម និងសហការជាមួយបណ្តាក្រុមហ៊ុនអាម៉េរិក បញ្ឈប់ស្ថានកុងស៊ុលដែលប្រើជាកន្លែងធ្វើចារកម្ម និងឈប់លួចទ្រព្យសម្បត្តិបញ្ញា ព្រមទាំងឈប់មិនអើពើនឹងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន»។
ពាក្យសម្តីរបស់ផមផេវ នាំអោយកាសែត Global Timesវាយបកដោយនិយាយថា«ថ្ងៃរបស់គាត់ ជារដ្ឋមន្ត្រីការបរទេស ជិតដល់ទីបញ្ចប់ហើយ។នៅក្នុងសន្ទរកថាចុងក្រោយរបស់គាត់ ផមផេវ បានប្រើភាសាកាចសាហាវបំផុតមិនដែនធ្លាប់មាន និងថែមទាំងហៅគណបក្សកុំម្មុយនីស្តចិនជា”បិសាចម៉ាក្ស-ឡេនីន” ថែមទៀត»។
កាសែតបានបន្តថា ជនមនោគមវិជ្ជាដ៏កម្រនេះនឹងបាត់បង់តំណែងជារដ្ឋមន្ត្រីការបរទេសក្នុងពេលឆាប់ៗតែជននេះធ្វើដូចជាខ្លួនឯងអាចបន្តដាក់ឥទ្ធិពលមិនត្រឹមតែនៅក្នុងសហរដ្ឋអាម៉េរិក តែក្នុងពិភពលោកទាំងមូល។ចរិតរបស់ជននេះជាប្រភេទក្រុមជនជ្រុលនិយម ងប់ងុលនឹងខ្លួនឯង។
លូ ស៊ាង អ្នកសិក្សាស្រាវជ្រាវនៅ បណ្ឌិតសភាចិនខាងវិទ្យាសាស្ត្រសង្គមបានប្រាប់កាសែតថា វោហាស័ព្ទរបស់ផមផេវ ពាក់ព័ន្ធនឹងអលទ្ធភាពរបស់គាត់ដើម្បីបង្ខូចឈ្មោះចិននៅលើឆាកអន្តរជាតិ ដែលលោកបាននិយាយថា ក្លាយជា«ត្លុកល្ខោន»មួយ។
ចាង តេងជុន អ្នកចូលរួមផ្តល់មតិយោបល់ដល់Global Times ម្នាក់ទៀតបានចោទប្រកាន់ផមផេវ ថាប្រែក្លាយកិច្ចការទូតរបស់អាម៉េរិក ទៅជា«ខ្មោចរថភ្លើង»មួយ និងចោទប្រកាន់លោកថា មិនអើពើទាំងស្រុងពិធីការនិងក្រមសីលធម៌របស់អ្នកការទូតម្នាក់ ហើយទាញកិច្ចការទូតអន្តរជាតិចូលក្នុងស្ថានភាពអស្ថិរភាព។
លោកចាងបានព្រមានថា ដោយនៅសល់ពេល៧០ថ្ងៃទៀតមុនប្រធានាធិបតីថ្មីចូលកាន់តំណែងនៅថ្ងៃ២០មករា ផមផេវនិងមន្ត្រីលេចធ្លោមួយចំនួនអាចនៅតែបង្ហាញភាពឆ្កួតលីលារបស់គេខាងនយោបាយចំពោះចិននិងពិភពលោក និងថែមទាំង«ចាត់វិធានការគំហុកលើបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់និងគោលនយោបាយអាម៉េរិកចំពោះចិន…ដោយបំផ្លាញកិច្ចការទូតពិភពលោកនិងបង្កើតឧបសគ្គច្រើនឡើង»សំរាប់ចូ បៃដិន៕