Home ព័ត៌មានជាតិ សេដ្ឋកិច្ច កិច្ចប្រជុំ​ក...

កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣ ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ នៃ​កិច្ចសហប្រតិបត្តិការ និង​ទិសដៅ​អនាគត អាស៊ាន​-​ចិន

​ដោយៈ គ​ន្ធា-ទេព មង្គល / ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​១២ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០២០ ក្នុងនាម​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពេញអង្គ​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កិច្ច​កំពូល​“​អាស៊ាន​-​ចិន លើក​ទី ២៣” តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​លោក ង្វៀន សួន ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ។​ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅថ្ងៃនេះ​។​

​ក្រោម​ប្រធានបទ “​ការត្រួត​ពិនិត្យឡើងវិញ នៃ​កិច្ចសហប្រតិបត្តិការ និង​ទិសដៅ​អនាគត អាស៊ាន​-​ចិន​” កិច្ចប្រជុំ​កំពូល “​អាស៊ាន​-​ចិន លើក​ទី​២៣” នេះ បាន​ផ្តោត​កិច្ចពិភាក្សា​ជា​ចម្បង លើ​បញ្ហា​ប្រឈម ដែល​រួមមាន បញ្ហា​សុខភាព​សាធារណៈ និង​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច ដែល​បណ្តាលមកពី វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់​ទាំងពីរ​ជាដើម ។​

​អង្គប្រជុំ បាន​សង្កត់ធ្ងន់ អំពី​ភាពចាំបាច់ នៃ​ការបង្កើន​កិច្ចសហការ រវាង​អាស៊ាន និង​ចិន ក្នុងការ​ពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រួមគ្នា ក្នុងការ​ឆ្លើយតប ទៅនឹង​ជំងឺ​រាតត្បាត និង​ក្នុង​ការស្តារ​ស្ថេរភាព និង​ងើប​ឡើងវិញ នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​នេះ ត្រូវបាន​បញ្ចប់ តាមរយៈ​យន្តការ ដែលមាន​ស្រាប់ រួមមាន “​ផែនការ​អនុវត្ត ២០១៦-២០២០” និង “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-​ចិន (ACFTA)” ក៏ដូចជា​ស្វែងរក​នូវ​យន្តការ សហប្រតិបត្តិការ​ថ្មីៗ បន្ថែមទៀត​។​

​ថ្នាក់ដឹកនាំ នៃ​ប្រទេស​អាស៊ាន ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួមចំណែក របស់​ប្រទេសចិន ក្នុងការ​ពង្រឹង និង​លើកកម្ពស់ ចំណងមិត្តភាព អាស៊ាន​-​ចិន ព្រមទាំង​ក្នុងការ​ជំរុញ គំនិត​ផ្តួចផ្តើម “​ភាពជា​ដៃគូ​អាស៊ាន​-​ចិន ស្តីពី​សេដ្ឋកិច្ច​ពណ៌​ខៀវ​” និង “​ចក្ខុវិស័យ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ អាស៊ាន​-​ចិន ឆ្នាំ ២០៣០”​។​

​ថ្នាក់ដឹកនាំ នៃ​ប្រទេស​អាស៊ាន​-​ចិន បាន​ប្តេជ្ញា​បន្ត​គាំទ្រ គោលការណ៍ ពហុភាគី​និយម និងបានស្នើ​ឱ្យមាន ការបង្កើន​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់ ទៅលើ​ការកសាង​ជំនឿ​ទុកចិត្ត និង​រក្សា​ភាព​ធន់ នៃ​សង្គម​-​សេដ្ឋកិច្ច នាពេល​អនាគត​, ការបើកចំហរ​លំហូរ​ពាណិជ្ជកម្ម​សេរី​, ការតភ្ជាប់​ខ្សែ​ច្រវាក់ ផ្គត់ផ្គង់​ក្នុង​តំបន់​, និង​ការអនុវត្ត​សេដ្ឋកិច្ច ឌីជីថល​។​

​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន បាន​សំដែង​ការស្វាគមន៍​និង​គាំទ្រ ចំពោះ​ការប្រកាស​របស់​ប្រទេស​ចិន ដែល​បានចាត់ទុក​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជា​“​ទំនិញ​សាធារណៈ​” និង​ការបន្ត​ផ្គត់ផ្គង់​ថ្នាំ និង​បរិក្ខារ​ពេទ្យ ក្នុង​តំបន់​អាស៊ាន សម្រាប់​ការសង្គ្រោះ​បន្ទាន់ លើកកម្ពស់​សុខភាព​សាធារណៈ ព្រមទាំង​ជំនួយ​ដទៃទៀត សម្រាប់​ការស្តារ និង​ងើប​ឡើងវិញ នៃ​សង្គម​-​សេដ្ឋកិច្ច នៅក្នុង​តំបន់​អាស៊ាន ក្រោយ​កូ​វីដ​-១៩ ។​

​ជាមួយគ្នានេះ​, ថ្នាក់ដឹកនាំ នៃ​ប្រទេស​អាស៊ាន ក៏បាន​សំដែង​ការពេញចិត្ត និង​គាំទ្រ ចំពោះ​ការប្តេជ្ញាចិត្ត របស់​ឯកឧត្តម លី ខឺ​ឈាង (Li Kequiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​, ការជួយ​ដល់​តំបន់​អាស៊ាន និង​ការដោះស្រាយ បញ្ហា​ផ្សេងៗ​ទៀត តាម​យន្តការ​សន្តិវិធី ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព និង​វិបុលភាព ដល់​ប្រជាជន​ទាំងអស់ នៃ​តំបន់​ទាំងពីរ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...

​សម្តេច​តេ​ជោ ហ៊ុន សែន សម...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ឆ្នោត​លេខ​ឡូ​តិ៍​ក្បា...

ដោយៈ ទេព មង្គល / កោះកុងៈ ...