ខំ​តែ​អរ​ស្មានថា​បង់សំណាញ់​បាន​ត្រី​ធំ​មានអី​ប៉ះចំ​កាំភ្លើង AK47 ស្វាយ​បត់​មួយ​ដើម​

1444
ចែករម្លែក

​ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បុរស​ម្នាក់​បាន​បង់​ត្រី​នៅក្នុង​ទន្លេ​វ៉ៃ​កូ ស្រាប់តែ​ជាប់​របស់​អី​ធ្ងន់ៗ​ស្មានថា ជា​ត្រី​ធំ​មានអី​ដល់ពេល​លើកឡើង​លើគោក គឺជា​កាំភ្លើង​មិនដឹង​យកមក​បោះចោល​តាំងពី​កាលណា​នោះទេ​ច្រេះ​អស់ ក៏​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ចុះមក​ពិនិត្យមើល​និង​យកទៅ​រក្សាទុក​។ ករណី​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​១៨:៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅក្នុង​ទន្លេ​វ៉ៃ​កូ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដោយមាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ខាំ រិទ្ធី ភេទ ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ថ្នល់កែង សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បាន​ដើរ​បង់សំណាញ់​ក្នុង​ទន្លេ​វ៉ៃ​កូ ស្រាប់តែ​មិនដឹង​ជាប់​អី​នោះទេ​គឺ​ធ្ងន់ៗ​។​

​ប្រភព​បាន​បន្តទៀតថា នៅពេល​លើក​សំណាញ់​ឡើងមក​មើល​ដឹងអី​តាម​ការពិត​គឺ​អាវុធ​មួយ​ដើម ម៉ាក AK 47 ស្វាយ​បត់​គ្មាន​បង់ និង​ឡើង​ច្រេះ​ចាប់​ទៅហើយ​មិនដឹង​គេ​បោះចោល​តាំងពី​ពេលណា​នោះទេ​។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​បង់សំណាញ់​បាន​អាវុធ​ក៏បាន​រាយការណ៍ និង​ប្រគល់​កាំភ្លើង​ឲ្យ​សមត្ថកិច្ច​តែម្តងទៅ​។

បច្ចុប្បន្ន​អាវុធ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់​ក្រុង​ស្វាយរៀង យកមក​រក្សាទុក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម