Home ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​ក...

កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន លើក​ទី​២៣ ៖ សមិទ្ធផល​ធំធេង និង​វឌ្ឍន​ភាពជា​សារ​វ័​ន្ត ដែល​អាស៊ាន​-​ជប៉ុន បានសម្រេច​រួមគ្នា

​ដោយៈ គ​ន្ធា​- ទេព មង្គល / ភ្នំពេញៈ នា​រសៀល ថ្ងៃទី​១២ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០២០ ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កិច្ច​កំពូល “​អាស៊ាន​-​ជប៉ុន​លើក​ទី ២៣” តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ង្វៀន សួន ហ្វ៊ុ​ក (Nguyen XuanPhuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម ។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង​នៅថ្ងៃនេះ​។​

​កិច្ចប្រជុំ​កំពូល​នេះ បាន​គូសបញ្ជាក់ អំពី​សារសំខាន់ នៃ​កិច្ចសហប្រតិបត្តិការ រវាង​អាស៊ាន និង​ជប៉ុន តាមរយៈ​ការគាំទ្រ ដល់​បណ្តា​ប្រទេស​អាស៊ាន ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព ក្នុង​កម្រិត​ប្រទេស និង​តំបន់ ក្នុងការ​កាត់បន្ថយ ផលប៉ះពាល់ ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ មកលើ​អាយុជីវិត និង​លំនឹង​ជីវភាព រស់នៅ​របស់​ប្រជាជន​។​

​ថ្នាក់ដឹកនាំ​អាស៊ាន បាន​វាយតម្លៃ​ខ្ពស់ ដល់​ប្រទេស​ជប៉ុន ចំពោះ​“​គំនិត​ផ្តួចផ្តើម​សុខាភិបាល ជប៉ុន​-​អាស៊ាន​” និង “​គំនិត​ផ្តួចផ្តើម​សុខភាព និង​សុខុមាលភាព​អាស៊ី​” ព្រមទាំង​បាន​ថ្លែងអំណរគុណ ដល់​មិត្ត​ជប៉ុន ក្នុងការ​ចូលរួមចំណែក គាំទ្រ​យ៉ាងសកម្ម ក្នុងការ​បង្កើត “​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ភាព​បន្ទាន់ ផ្នែក​សុខភាព​សាធារណៈ និង​ជំងឺឆ្លង​ថ្មីៗ​”​។​

​ជាមួយគ្នានេះ អង្គប្រជុំ ក៏បាន​ពិភាក្សា អំពី​អត្ថប្រយោជន៍​ដ៏​ធំធេង នៃ​គំនិត​ផ្តួចផ្តើម ស្តីពី​“​ការពង្រីក​ភាពជា​ដៃគូ សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ​គុណភាព និង​ផល​វិជ្ជមាន ទៅលើ​របៀបវារៈ​អភិវឌ្ឍន៍​តំបន់​” ដែល​នឹង​បំពេញបន្ថែម ដល់​គំនិត​ផ្តួចផ្តើម សំខាន់​ផ្សេងៗ​ទៀត របស់​អាស៊ាន​-​ជប៉ុន ជាអាទិ៍ ដូចជា “​ផែនការមេ ស្តីពី​ការតភ្ជាប់​អាស៊ាន (MPAC) ២០២៥” និង “​ទស្សនៈវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (AOIP)” ជាដើម ។​

​អង្គប្រជុំ ក៏បាន​សង្កត់ធ្ងន់​ផងដែរ អំពី​ការប្តេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈ​វេទិកា និង​យន្តការ​អាស៊ាន រួមទាំង នៅក្នុង​ក្របខណ្ឌ អាស៊ាន បូក​បី (APT), ការចុះហត្ថលេខា​លើ “​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)”, ការជួយ​គាំទ្រ​ដល់ ការរៀបចំ​ផែនការ ការងារ​ទី​៤ នៃ “​គំនិត​ផ្តួចផ្តើម សមាហរណកម្ម​អាស៊ាន ឆ្នាំ ២០២១-២០២៥ (IAI Work Plan IV)” ព្រមទាំង​គំនិត​ផ្តួចផ្តើម ផ្សេងៗ​ទៀត ដែល​រួមមាន​ដូចជា​៖ “​មូលនិធិ​ជប៉ុន សម្រាប់​សមាហរណកម្ម​អាស៊ាន​”, “​កិច្ចសន្ទនា​អាស៊ាន​-​ជប៉ុន ស្តីពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤” និង “​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (ASEAN Smart Cities Network- ASCN)” ជាដើម ។​

​ជា​លទ្ធផល ថ្នាក់ដឹកនាំ បានធ្វើការ​កត់សម្គាល់ អំពី​សមិទ្ធផល​ធំធេង និង​វឌ្ឍន​ភាពជា​សារ​វ័​ន្ត ដែល​អាស៊ាន និង​មិត្ត​ជប៉ុន បានសម្រេច​រួមគ្នា ដែល​បានផ្តល់​វិបុលភាព ជូន​ប្រជាជន នៃ​តំបន់​ទាំងពីរ ។​

​កិច្ចប្រជុំ​កំពូល​នេះ បាន​គាំទ្រ និង​អនុម័ត​លើ​៖ ១.​ការបើក​ដំណើរការ និង​បន្ត​គាំទ្រ​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ភាព​បន្ទាន់ ផ្នែក​សុខភាព​សាធារណៈ និង​ជំងឺឆ្លង​ថ្មីៗ​; ២.​ការប្តេជ្ញា​គាំ​ទ្រម​ជ្ឈ​ភាព (ASEAN Centrality) និង​អព្យាក្រឹតភាព របស់​អាស៊ាន និង​៣. សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន លើក​ទី ២៣ ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​ចក្ខុវិស័យ​អាស៊ាន ស្តីពី​ឥណ្ឌូ​- ប៉ាស៊ីហ្វិក ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...