Home ព័ត៌មានជាតិ នយោបាយ កិច្ចប្រជុំ​ក...

កិច្ចប្រជុំ​កំពូល អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២១ ៖ ការពង្រឹង​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ការស្វែងរក​ដំណោះស្រាយ ចំពោះ​វិបត្តិ​ក្នុង​តំបន់​

ដោយៈ គ​ន្ធា​-​ទេព មង្គល / ភ្នំពេញៈ នា​រសៀល​ថ្ងៃទី​១២ ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០២០ ក្នុងនាម​ជា​តំណាង ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, បន្ទាប់ពី​កិច្ចប្រជុំ​កំពូល អាស៊ាន​-​ជប៉ុន​, លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់ បន្ត​ចូលរួម​កិច្ចប្រជុំ​កំពូល “​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី ២១” តាម​ប្រព័ន្ធ​វីដេអូ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

កិច្ចប្រជុំ​កំពូល​នេះ ដឹកនាំ​ដោយ​លោក ង្វៀន សួន ហ្វ៊ុ​ក (Nguyen XuanPhuc) នាយករដ្ឋមន្ត្រី នៃ​សាធារណ រដ្ឋ សង្គមនិយម​វៀតណាម ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹង នៅថ្ងៃនេះ ។​

​ក្រោម​ប្រធានបទ “​សន្តិភាព​, វិបុលភាព និង​ភាពជា​ដៃគូ​”,​កិច្ចប្រជុំ​កំពូល “​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២១” បាន​ផ្តោត​កិច្ចពិភាក្សា​លើ​៖ ការពង្រឹង សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ រវាង​អាស៊ាន និង​សាធារណ រដ្ឋ​កូរ៉េ​, ការស្វែងរក​ដំណោះស្រាយ ចំពោះ​វិបត្តិ ក្នុង​តំបន់ សំដៅ​ចូលរួម ទប់ស្កាត់ ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ និង​ស្តារឡើងវិញ នៃ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច នៃ​តំបន់​ទាំងពីរ​។​

​ថ្នាក់ដឹកនាំ នៃ​ប្រទេស​អាស៊ាន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខំប្រឹងប្រែង របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​ការជំរុញ ឱ្យ ប្រកប​ជោគជ័យ​នូវ “​សេចក្តីប្រកាស ទស្សនៈវិស័យ​រួម របស់​ថ្នាក់ដឹកនាំ សម្រាប់​សន្តិភាព​, វិបុលភាព និង​ភាពជា​ដៃគូ​” ដែល​នឹង​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​បន្ថែម នូវ​សាមគ្គីភាព នៅក្នុង​តំបន់ នៅក្នុង​បរិបទ នៃ​ជំងឺ​កូ​វីដ​-១៩ និង​ថ្លែងអំណរគុណ ចំពោះ​ជំនួយ នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ការឆ្លើយ តប​នឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំនួយ​ដទៃទៀត ដូចជា ជំនួយ​ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការពង្រីក​មូលនិធិ សហប្រតិបត្តិការ អាស៊ាន ​-​សាធារណរដ្ឋ​កូរ៉េ ជាដើម​។ ថ្នាក់ដឹកនាំ នៃ​ប្រទេស​អាស៊ាន ក៏បាន​គាំទ្រ ចំពោះ សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជំរុញ និង​លើកកម្ពស់ “​គោលនយោបាយ ភាគខាងត្បូង​ថ្មី​” ទៅជា “​គោលនយោបាយ ភាគខាងត្បូង​ថ្មី​បូក​”​។​

​លើសពីនេះ​, អង្គប្រជុំ​បាន​ឯកភាព ក្នុងការ​ពង្រឹង​រំហូរ​សេរី នៃ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​តំបន់​ទាំងពីរ សំដៅ​ធានា​ដល់​ចីរភាព នៃ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ ដែលជា​កត្តា​ដ៏​សំខាន់ ក្នុងការ​រក្សា​លំនឹង​សេដ្ឋកិច្ច នៅក្នុង​បរិបទ នៃ​ការ​ងើបឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។ អង្គប្រជុំ ក៏បាន​ស្វាគមន៍ យ៉ាង​រីករាយ ដល់​ដំណើរ​ឆ្ពោះទៅរក ការបញ្ចប់​ការចរចា “​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ក្នុង​តំបន់ (RCEP)” ដែល​គ្រោង​នឹង​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ខាងមុខនេះ ។ “RCEP” នេះ នឹង​ក្លាយជា​ចលករ ដ៏​សំខាន់ នៃ​កំណើន សេដ្ឋកិច្ច ក្នុង​តំបន់ នា​អំឡុងពេល​ដ៏​លំបាក​នេះ និង​នាពេល​អនាគត​។

​ជា​លទ្ធផល​កិច្ចប្រជុំ​កំពូល​“​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី ២១”, ឈរលើ​ស្មារតី​សាមគ្គីភាព និង​សហប្រតិបត្តិការ​ខ្ពស់​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​,​ថ្នាក់ដឹកនាំ​ទាំងអស់ បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​ទាំងពីរ ។​

​ជាមួយគ្នានេះ​, លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ប្តេជ្ញា​អនុម័ត​៖ ១. “​គោលនយោបាយ ភាគខាងត្បូង​ថ្មី​” ក្នុង​គោលដៅ​ពង្រឹង ទំនាក់ទំនង សេដ្ឋកិច្ច និង​វប្បធម៌ រវាង​ប្រជាជន និង​ប្រជាជន​នៃ​តំបន់​ទាំងពីរ​, ២. ពង្រីក​កិច្ចសហប្រតិបត្តិការ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​, ៣. បង្កើត​មូលនិធិ​សហប្រតិបត្តិ ការ តាមផ្លូវ​ទឹក (Maritime Cooperation Fund) និង ៤. ពង្រឹង​បន្ថែមទៀត​នូវ ស្មារតី​ពាណិជ្ជកម្ម​សេរី តាម រយៈ​យន្តការ​ថ្មី និង​មាន​ស្រាប់ ដូចជា “RCEP”​និង “​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA)” ជាដើម៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular