ដោយៈ គន្ធា – ទេព មង្គល / ភ្នំពេញៈ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ាន-សាធារណរដ្ឋកូរ៉េ នារសៀល ថ្ងៃទី១២ ខែវិច្ឋិកា ឆ្នាំ២០២០ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល “អាស៊ាន-ឥណ្ឌា លើកទី ១៧” តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
កិច្ចប្រជុំដឹកនាំដោយលោក ង្វៀន សួន ហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួម ពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសសមាជិក អាស៊ាន និង ឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹង នៅថ្ងៃនេះ។
ក្នុងកិច្ចប្រជុំកំពូល “អាស៊ាន-ឥណ្ឌា លើកទី ១៧” នេះ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានធ្វើការពិភាក្សា និងផ្លាស់ប្ដូរទស្សនៈ លើបញ្ហាប្រឈមតំបន់ និងសកល ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងស្ថានភាពភូមិសាស្ត្រ នយោបាយក្នុងតំបន់ ពិសេសផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពី ការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសន្ទនា រវាងតំបន់ទាំងពីរ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការដោះស្រាយ បញ្ហាស្មុគស្មាញជាច្រើន ទាំងក្នុងក្របខ័ណ្ឌតំបន់ និង សកល ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃការបន្តគាំទ្ររបស់ឥណ្ឌា ក្នុងវិស័យតភ្ជាប់ ទាំងរូបវ័ន្ត និងឌីជីថល ដល់អាស៊ាន ជាពិសេស សម្រាប់បណ្តាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និង វៀតណាម (CLMV) តាមរយៈគំនិតផ្តួចផ្តើម សមាហរណកម្ម អាស៊ាន (IAI) និងការអនុវត្តផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ ។
លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការរំពឹងទុកខ្ពស់ ចំពោះគោលដៅបង្កើនទំហំពាណិជ្ជកម្ម ឱ្យកើនដល់ ២០០ ប៊ីលាន ដុល្លារអាមេរិក ត្រឹមឆ្នាំ២០២២ តាមរយៈការជំរុញ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា, និងការពន្លឿន ការតភ្ជាប់, ជាពិសេសជំរុញការអនុវត្ត នូវគម្រោងផ្លូវហាយវ៉េ ត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាមួយនឹងការពង្រីកតំណភ្ជាប់បន្ថែម មកដល់ប្រទេសកម្ពុជា, ឡាវ និង វៀតណាម ឱ្យបញ្ចប់តាមការគ្រោងទុក។
ជាទិសដៅទៅមុខ, ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានសម្ដែងនូវ ការបេ្តជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយ បញ្ហាប្រឈមនានា តាមរយៈការពង្រឹង និងពង្រីកនូវ ទំនាក់ទំនង រវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ។ ភាគីទាំងពីរ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍ សកលភាវូពាណិជ្ជកម្ម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី, តាមរយៈ ការពង្រឹង កិច្ចសហការបន្ថែមទៀត ក្នុងការតភ្ជាប់ ទាំងផ្នែកទន់ និងរឹង, ការលើកកម្ពស់ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យ ឌីជីថល ។ល។ កត្តាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតំបន់ ឱ្យងើបឡើងវិញ ឆាប់រហ័ស និងលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩ ។
ឈរលើមូលដ្ឋាន នៃការពង្រឹងគោលការណ៍ សាមគ្គីភាព និងមជ្ឈភាពអាស៊ាន, កិច្ចប្រជុំបានសម្តែងសុទិដ្ឋិនិយម ចំពោះការបំពេញឱ្យគ្នា ទៅវិញទៅមក ប្រកបដោយថាមភាព រវាងគោលនយោបាយ ឆ្ពោះទៅទិសខាងកើត របស់ឥណ្ឌា (India’s Act East Policy) និង ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ក្នុងការត្រួសត្រាយផ្លូវ សម្រាប់ជំរុញការអនុវត្ត ផែនការស្តារសេដ្ឋកិច្ចឡើងវិញ គ្រប់ជ្រុងជ្រោយ របស់អាស៊ាន និងរក្សាបាននូវសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់ប្រជាជន ក្នុងតំបន់ ។
“កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៧” បានអនុម័ត “ផែនការសកម្មភាពថ្មី អាស៊ាន-ឥណ្ឌា (២០២១-២០២៥)” ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ របស់យើង ឱ្យកាន់តែស៊ីជម្រៅ សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕/V