ដោយៈរ៉ាម៉ន/ព្រះវិហារៈដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល ពិសេសការដឹកជញ្ជូនកសិផលផ្សេងៗ ផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជា–ឡាវ–ថៃ និងផ្លូវជាច្រើនខ្សែទៀតនៅខេត្តព្រះវិហារ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង នាពេលកន្លងមកនេះត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុលបានរួចរាល់យ៉ាងស្អាតហើយ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងាររដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យវាយតម្លៃ ដើម្បីស្តារនិងជួសជុលផ្លូវ ស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងឡើងវិញ។
លោកសំ លាងទ្រី បន្តថាក្រោយជំនន់ទឹកភ្លៀងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការស្តារនិងជួសជុលឡើងវិញផ្លូវជាតិលេខ៩៤ពីស្រុកឆែបទៅព្រំដែនឡាវប្រវែង៦៥គីឡូម៉ែត្រ ផ្លូវជាតិលេខ៩៥ពីស្រុកឆែបទៅស្រុកជយ័សែន ផ្លូវក្រាលគ្រួសក្រហមប្រវែង១៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៦២ពីភូមិភ្នំដែក ឃុំរម្មណីយ៍ទៅភូមិស្វាយដំណាក់។
ដោយឡែក កាលពីថ្ងៃទី១២ វិច្ឆិកា ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបញ្ចប់ការជួសជុលផ្លូវជាតិលេខ៩២ ជាប្រភេទផ្លូវក្រាលគ្រួសក្រហមប្រវែង៨៧.៨គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង–ព្រះវិហារ ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ កំពង់ស្រឡៅពីរ(ព្រំដែនកម្ពុជា–ឡាវ) ឆ្ពោះទៅកាន់បន្ទាយស្រម៉ោចនៃស្រុកជាំក្សាន្ត(ព្រំដែនកម្ពុជា–ថៃ) និងផ្លូវខេត្ត2PVH7 ប្រវែង១៧.៧៩គីឡូម៉ែត្រ ពីអូរជុងទៅកាន់របុញ នៃស្រុកជាំក្សាន្តក៍ត្រូវបានជួសជុលរួចរាល់ហើយដែរ។ សរុបមកផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយរងការខូចខាតដោយជំនន់ទឹកភ្លៀង គឺត្រូវបានស្តារនិងជួសជុលឡើងវិញសម្រេចបានលទ្ធផលស្ទើ១០០ភាគរយទៅហើយ ហើយបច្ចុប្បន្ននេះក្រុងការងារថែទាំផ្លូវថ្នល់ ដែលកំពុងឈរជើងតាមគោលដៅក្នុងស្រុកនិមួយៗកំពុងយកចិត្តទុកដាក់ជួសជុលនិងលុបសំបុកមាន់ក៏ដូចជាការកាត់ស្មៅតាមដងផ្លូវផងដែរ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវចូលរួមថែរក្សាផ្លូវថ្នល់ ដោយមិនត្រូវដឹកលើសទម្ងន់និងយកចំណីផ្លូវធ្វើអាជីវកម្មជាដាច់ខាត៕