២១​នាក់​ស្លាប់​នៅ​ពេល​រថយន្ត​ដឹក​ភ្ញៀវ​ទៅ​ស៊ីការ​ជួប​គ្រោះថ្នាក់​នៅ​ឥណ្ឌា​

1247
ចែករម្លែក

​មនុស្ស​២១​នាក់​បាន​ស្លាប់​ក្នុងពេល​ធ្វើដំណើរ​ទៅ​ចូលរួម​មង្គលការ​មួយ នៅ​ពេល​រថយន្ត​ធំ​របស់​គេ​បាន​ធ្លាក់​ពី​ស្ពាន​មួយ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ប៉ូលិស​​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មេសា​។​

​រថយន្ត​ធំ​ដែល​ដឹក​មនុស្ស​ជាង​៤០​នាក់ បាន​បុក​រះ​របង​ការពារ​តាម​ចិញ្ចើម​ផ្លូវ និង​ធ្លាក់ចុះ​ពី​ស្ពាន​កំពស់​ជិត​២០​ម៉ែត្រ​ទៅ​លើ​បាតទន្លេ​រីងស្ងួត​មួយ​នៅក្នុង​រដ្ឋ​ម៉ា​តយ៉ា ប្រា​​ដែស​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​ប៉ូលិស​បាន​អោយដឹងទៀតថា មនុស្ស​២១​នាក់​ទៀត​រងរបួស ភាគច្រើន​របួសធ្ងន់​។​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​តែ​អាចមកពី​បើក​​លឿន​។​

​ឥណ្ឌា ជា​ប្រទេស​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ច្រើន​បំផុត​មួយ​នៅក្នុង​លោក ដោយ​ក្នុង​មួយឆ្នាំៗ​មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាង​២​សែន​នាក់ នេះ​បើ​តាម​​អង្គការ​សុខភាព​ពិភពលោក​។​

​កាលពី​សប្តាហ៍​មុន មនុស្ស​យ៉ាង​តិច​៣០​នាក់​បាន​ស្លាប់ រួម​មាន​កូនក្មេង​២៧​នាក់ នៅក្នុង​រដ្ឋ​ហ៊ី​ម៉ា​ចាល នៅពេល​រថយន្តក្រុង​ដឹក​សិស្ស​សាលា​មួយ​ធ្លាក់ចុះ​ពី​ផ្លូវ​ច្រាំង​ថ្ម​​ចោទ​មួយ​។​មួយ​ថ្ងៃ​ក្រោយមកទៀត មនុស្ស​១៨​នាក់​បាន​ស្លាប់​នៅ​ពេល​រថយន្ត​ធំ​មួយ​ដាក់​ពលករ​ពេញ​បាន​ក្រឡាប់​នៅលើ​ផ្លូវ​ធំ​មួយ​នៅ​ឥណ្ឌា​ខាងលិច​៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម