ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: អភិបាលខេត្តកំពង់ស្ពឺ បាននាំយកនូវអំណោយសប្បុរសធម៏របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន៦៧៥គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលធ្វើឡើងចំនួន២ស្រុក គឺស្រុកថ្ពងនិងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កន្លងមកក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលិចលង់ដោយសារជំនន់ទឹកភ្លៀងតាមបណ្តាក្រុងស្រុកមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ។ លោកបានបន្តថា ដោយសារឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋលោកក៍បាននាំយកអំណោយសប្បុរសធម៏របស់សម្តេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន៦៧៥គ្រួសារក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភួយ និងថវិកាចំនួន២ម៉ឺនរៀល។
ក្នុងឱកាសនោះដែរ លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក និងចៀសឲ្យផុតពីជំងឺដង្កាត់ផ្សេងៗ៕ ល