ដោយ:ម៉េងឆៃ/ ភ្នំពេញ: ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះសប្បុរសជនកាន់តែច្រើន បានចូលរួមឧបត្ថម្ភ ដោយបរិច្ចាគត្រឹមតែ ១ដុល្លារ ក្នុងម្នាក់ ដល់មន្ទីរកុមារអង្គរ ក្នុងខេត្តសៀមរាប។ សារចែករំលែក ត្រូវបានធ្វើឡើងតាមហ្វេសប៊ុក ដោយដាក់វេនមិត្តភក្តិ បងប្អូនបន្ទាប់ តាមរបៀប Challenge ដូចកាលពីប៉ុន្មានឆ្នាំមុន ដែលគេលេងចាក់ទឹកកក និងញ៉ាំម្ទេស ជាដើម។
លើកនេះ អ្នកលេងហ្វេសប៊ុក ដែលជាយុវវ័យខ្មែរហើយ បានចូលរួមបរិច្ចាគថវិកា ១ដុល្លារអាម៉េរិក តាមកុងអេប៊ីអេ( ABA) ឬ វីង(Wing) ហើយបាញ់ចូលកុង ABA និង Wing របស់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។អ្នកខ្លះ មិនមានកុងធនាគារ ABA ដើម្បីវេរលុយ ក៏បានឲ្យលុយ ១ដុល្លារ ទៅអ្នកមានកុង ABA ដើម្បីឲ្យគេ ជួយបាញ់លុយ ១ដុល្លារនោះ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់ដំណើរការមន្ទីរពេទ្យ ដែលពិនិត្យព្យាបាលកុមារកម្ពុជា ដោយមិនគិតថ្លៃនេះ។
ក្នុងសារលើហ្វេសប៊ុក បានសរសេរថា «លេងហ្គេម #១ដុល្លារ សម្រាប់កុមារកម្ពុជា #onedollarchallengeforcambodianchildren ក្នុងកម្មវិធី #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #RUNWITHSAI ដោយគ្រាន់តែធ្វើការបរិច្ចាគ ១ ដុល្លារ ទៅកាន់មន្ទីរពេទ្យកុមារអង្គរ screenshort transactions ព្រមទាំងភ្ជាប់ជាមួយនឹងរូបថតរបស់លោកអ្នក រួច tag ទៅកាន់មិត្តភក្កិ ១០ នាក់បន្តទៀត ដើម្បីចូលរួមលេងហ្គេមមួយនេះ post នៅលើ wall របស់លោកអ្នក។ ចូលរួមទាំងអស់គ្នា ដើម្បីមន្ទីរពេទ្យកុមារអង្គរ ដើម្បីកុមារកម្ពុជា ដើម្បីសង្គមជាតិយើងទាំងអស់គ្នា។ #រត់ដើម្បីសប្បុរសធម៌ជាមួយសាយ #រត់ដើម្បីកុមារកម្ពុជា #SaiRunCharityKH official website : https://saicambodianartist.com សំរាប់ការបរិច្ចាគលើ ABA App : 000 320 555 (Angkor Hospital for Children Limited) និងWing : 03206872 (AHC Patient Contributions)»។
មន្ទីរពេទ្យកុមារអង្គរ បានបង្កើតឡើង នៅឆ្នាំ១៩៩៩ ដោយមានស្ថាបនិក លោក ខេនរ៉ូ អីហ្ស៊ូ។ មកដល់ពេលនេះ មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលកុមារក្រីក្រកម្ពុជា ដោយក្នុងមួយថ្ងៃ មានកុមារចន្លោះពី ៥០០ ទៅ ៦០០នាក់ ដែលទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ក្នុងមន្ទីរពេទ្យ នៅទីរួមខេត្តសៀមរាបនេះ។
ដោយសារកំណើននៃអ្នកជំងឺ ចេះតែកើនឡើងឥតឈប់ឈរ ហើយការព្យាបាល ក៏មិនគិតលុយថែមទៀត ដូច្នេះមន្ទីរពេទ្យកុមារអង្គរ ត្រូវការធនធានហិរញ្ញវត្ថុ កាន់តែច្រើន ដើម្បីផ្គត់ផ្គង់រាល់ការចំណាយរបស់ខ្លួន។
ក្នុងដំណើរការកន្លងមក មិនខុសពីមន្ទីរពេទ្យគន្ធបុប្ផាប៉ុន្មានទេ គឺមន្ទីរពេទ្យកុមារអង្គរ ទទួលបានជំនួយពីសប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងរាជរដ្ឋាភិបាល ដើម្បីជួយឲ្យមន្ទីរពេទ្យ មានលទ្ធភាពជួយកុមារកម្ពុជាយើង។
កន្លងមក មានខាងសណ្ឋាគារ ភោជនីយដ្ឋាន អង្គការ និងស្ថាប័នក្រុមហ៊ុនមួយចំនួន នៅខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីសប្បុរសធម៌ជាច្រើន ដើម្បីរកថវិកា ជួយមន្ទីរពេទ្យ កុមារអង្គរ។ ក្រៅពីនេះ ខាងមន្ទីរពេទ្យផ្ទាល់ ក៏ធ្លាប់បានរៀបចំបុណ្យផ្កាសាមគ្គី រកថវិកា សម្រាប់ទ្រទ្រង់ ដល់មន្ទីរពេទ្យខ្លួនផងដែរ។
ក្នុងសកម្មភាពមនុស្សធម៌របស់យុវជនកម្ពុជាយើងលើកនេះ ជាផ្នែកមួយចូលរួមចែករំលែក ដើម្បីជួយដល់ដំណើរការមន្ទីរពេទ្យ សម្រាប់ពិនិត្យព្យាបាលកុមារកម្ពុជា ក្នុងគ្រួសារក្រីក្ររាប់លាននាក់។
ការចូលរួមចែករំលែកត្រឹមតែ ១ដុល្លារ ដែលមិនស្មើនឹងថ្លៃកាហ្វេមួយកែវ ដែលយុវវ័យយើងមួយចំនួន និយមចូលហាងប្រ៊េនៗ រៀងរាល់ថ្ងៃនោះផង។ តែការចូលរួមបរិច្ចាគនេះ ទទួលបានមកវិញនូវការកោតសរសើរ លើកទឹកចិត្ត ហើយអ្នកធ្វើទាននេះ ក៏រីករាយ និងបានបុណ្យច្រើនណាស់។
សូមឧទ្ទិសដ៏សកម្មភាពមនុស្សធម៌នេះ សូមឲ្យបន្តជាប្រចាំរៀងរាល់ខែ ព្រោះថា ដំណើរការមន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាមន្ទីរពេទ្យគន្ធបុប្ផា គឺត្រូវតែការរាប់លានដុល្លារ ក្នុង១ខែៗដើម្បីបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់។
ជាការពិតហើយ ក្នុង ១ឆ្នាំៗ រាជរដ្ឋាភិបាល បានចំណាយមិនតិចលានដុល្លារនោះទេ លើសកម្មភាព និងដំណើរការមន្ទីរពេទ្យរដ្ឋ នៅថ្នាក់ជាតិ ក៏ដូចជា មន្ទីរពេទ្យខេត្តរាជធានី ក្រុងស្រុកខណ្ឌ និងមណ្ឌលសុខភាព នៅតាមឃុំសង្កាត់ទូទាំងប្រទេស។ ប៉ុន្តែសកម្មភាពតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួន ហាក់នៅមានកម្រិត។ សេវាពិនិត្យព្យាបាលនៅពេទ្យរដ្ឋ ក៏ហាក់ដូចជា ខុសគ្នាឆ្ងាយពីមន្ទីរពេទ្យកុមារ គន្ធបុប្ផា ក៏ដូចជា មន្ទីរពេទ្យកុមារអង្គរ មិនថា នៅភ្នំពេញ ឬនៅខេត្តសៀមរាប នោះទេ។
បើនិយាយពីគ្រូពេទ្យវិញ គឺស្ទើរតែទាំងអស់ ជាគ្រូពេទ្យខ្មែរយើង បម្រើការនៅតាមមន្ទីរពេទ្យគន្ធបុប្ផា នៅភ្នំពេញ ក៏ដូចជា នៅសាខាខេត្តសៀមរាប និងនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ពេទ្យបរទេស មានមិនច្រើន ជាងពេទ្យខ្មែរយើងទេ។ គុណភាព ចំណេះ ជំនាញនៃការពិនិត្យព្យាបាល រាប់ទាំងការវះកាត់ផង គឺពេទ្យខ្មែរយើង មិនចាញ់ពេទ្យបរទេសប៉ុន្មានឡើយ។ គ្រូពទ្យជនជាតិខ្មែរយើងកាន់តែច្រើនឡើងៗ សព្វថ្ងៃ ក៏អាចពិនិត្យព្យាបាលកុមារ ដោយការវះកាត់ផង ក៏បានជាសះស្បើយដែរ។
ដូច្នេះបើនៅតាមមន្ទីរពេទ្យរដ្ឋរបស់យើងទាំងអស់ ពង្រឹងគុណភាពលើសេវាពិនិត្យព្យាបាល ហើយកុំយកថ្លៃពេក លើសេវាពិនិត្យព្យាបាល លុបបំបាត់អំពើមិនស្មោះត្រង់ ព្រមទាំងដំឡើងប្រាក់ខែឲ្យបុគ្គលិកពេទ្យ ដូចនៅតាមពេទ្យគន្ធបុប្ផា និងពេទ្យកុមារអង្គរ នោះជំនឿគ្រូពេទ្យយើង នៅតាមពេទ្យរដ្ឋ អាចនឹងស្រោចស្រង់បានមកវិញ។
សំខាន់មួយទៀតសេវាក្រៅផ្លូវការ នៅពេទ្យរដ្ឋ ត្រូវលុបបំបាត់ ហើយសីលធម៌គ្រូពេទ្យ សម្តីរបស់ពេទ្យ នៅមន្ទីរពេទ្យរដ្ឋ ក៏គួរតែសុភាពរាបសារ ដូចអ្វីដែលគ្រូពេទ្យខ្មែរយើង បានរៀនសូត្រ និងអនុវត្តនៅតាមមន្ទីរពេទ្យកុមារគន្ធបុប្ផា និងពេទ្យកុមារអង្គរ នោះប្រជាពលរដ្ឋខ្មែរយើង នឹងមានជំនឿកាន់តែច្រើនលើពេទ្យខ្មែរយើង។
រាជរដ្ឋាភិបាល ពិចារណា យកគំរូការងារ និងសេវាពិនិត្យព្យាបាល នៅមន្ទីរពេទ្យសប្បុរសធម៌ គន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ហើយអនុវត្តតាមមន្ទីរពេទ្យរដ្ឋយើងទាំងអស់។ បើស្រុកយើង មានសេវាពិនិត្យព្យាបាល ដូចពេទ្យសប្បុរសធម៌ទាំងពីរនេះ គឺជាភ័ព្វសំណាងរបស់កុមារ និងប្រជាជនកម្ពុជាយើងហើយ៕សរន