ដោយៈសរិទ្ធ/កណ្តាលៈស្ត្រីម្នាក់ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួន តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់តុលាការនោះបានត្រូវលោក ជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាលសម្រេចមិនឃុំខ្លួនហើយដោះលែងឲ្យមានសេរីភាពវិញនៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ហេតុការណ៍ចាប់ខ្លួនឈ្មោះហុក ស្រីណុច អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លាស្រុកស្អាងនេះនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅចំណុចស្តង់លក់ត្រីមួយកន្លែងស្ថិតក្នុងភូមិរកាខ្ពស់សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
ពាក់ព័ន្ធនឹងបញ្ហានេះសមត្ថកិច្ចបានបង្ហើបថា ដើមបណ្តឹង ឈ្មោះ ទេស ស្រីនាង ភេទស្រីអាយុ៣៥ ឆ្នាំរស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការជាមួយឈ្មោះលីច្រាយ អាយុ២៩ ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភ:ឆ្នាំ២០២០ ដែលជាប្តីដើមរបស់ជនត្រូវចោទ។
ចំណែក ជនត្រូវចោទជាប្រពន្ធដើមឈ្មោះហុក ស្រីណុច ត្រូវតុលាការចោទប្រកាន់បទ រំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០៕