ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិននៅថ្ងៃសុក្រទី១៣វិច្ឆិកានេះអបអរសាទរដល់ប្រធានាធិបតីអាម៉េរិកជាប់ឆ្នោតលោកចូ បៃដិន ដែលបានឈ្នះការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាដែលប្រធានាធិបតីដូណាល់ ត្រាំមិនទាន់ទទួលស្គាល់នៅឡើយ ពោលគឺជិតមួយសប្តាហ៍ហើយបន្ទាប់ពីអតីតអនុប្រធានាធិបតីរូបនេះប្រមូលបានការគាំទ្រពីរដ្ឋក្នុងចំនួនគ្រប់គ្រាន់ដើម្បីឈ្នះ។
សំដៅលើអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រីកាម៉ាឡា ហារីស អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វីនប៊ីន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា”យើងគោរពជម្រើសរបស់ប្រជាជនអាម៉េរិក។ យើងសូមអបអរសាទរចំពោះលោកបៃដិននិងលោកស្រីហារីស”។
លោកបានបន្ថែមទៀតថា “យើងបានយល់អស់ហើយ លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកនឹងត្រូវសម្រេចដោយយោងទៅតាមច្បាប់និងនីតិវិធីរបស់សហរដ្ឋអាម៉េរិក”។
ការបដិសេធរបស់លោកត្រាំក្នុងការទទួលយកបរាជ័យបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងស្ថិតក្នុងស្ថានភាពឆ្គាំឆ្គង ខណៈចិនព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រឆាំងនឹងលោកត្រាំដែលជំរុញឱ្យតុលាការជំទាស់នឹងលទ្ធផលបោះឆ្នោតនិងនៅបន្តស្ថិតក្នុងមុខតំណែងរហូតដល់ការស្បថកាន់តំណែងរបស់ប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែមករា។
ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាម៉េរិកកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះជុំវិញវិវាទជាច្រើនរាប់ចាប់ពីបច្ចេកវិជ្ជានិងពាណិជ្ជកម្មរហូតដល់បញ្ហាហុងកុងនិងវីរុសកូរ៉ូណា ហើយរដ្ឋបាលត្រាំបានបង្ហាញនូវការដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងទីក្រុងប៉េកាំង។
មិនបានប៉ុន្មានផងបន្ទាប់ពីការឈ្នះឆ្នោតរបស់លោកបៃដិនត្រូវបានប្រកាសបន្ទាប់ពីការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋជាច្រើនមកនោះ ប្រទេសសម្ព័ន្ធមិត្តជាច្រើនរបស់សហរដ្ឋអាម៉េរិកបានអបអរសាទរ ខណៈមេដឹកនាំចិននិងរុស្ស៊ីបន្តសម្ងំចាំមើលគេឯងសិន។ នៅឆ្នាំ ២០១៦ ប្រធានាធិបតីចិនលោកស៊ី ជិនភីងបានផ្ញើសារអបអរសាទរដល់លោកត្រាំនៅថ្ងៃទី ៩ ខែវិច្ឆិកាពោលគឺមួយថ្ងៃបន្ទាប់ពីការបោះឆ្នោត៕
ចិនអបអរបៃដិនឈ្នះឆ្នោតនៅថ្ងៃសុក្រនេះ